(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះថា ការអភិវឌ្ឍផែកងទ័ពសមុទ្ររាម និងប្រភេទទ័ពផ្សេងទៀត គឺដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់កម្ពុជា ហើយគ្មានចេតនាដើម្បីគំរាមកំហែង ឬបង្កើតសង្គ្រាមជាមួយអ្នកណានោះទេ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីអបអរសាទរខួបលើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក, សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអះអាងថា មូលដ្ឋានកងទ័ពសមុទ្ររាម ដែលកំពុងធ្វើការអភិវឌ្ឍនេះ ក៏មិនអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេសណាមកបោះទីតាំងនោះដែរ និយាយដោយឡែក ហើយនិយាយជារួម នៅលើទឹកដីកម្ពុជា គ្មានមូលដ្ឋានកងទ័ពបរទេសឡើយ។

បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, ក្នុងរដ្ឋធម្មនុញ្ញ ត្រង់មាត្រា៥៣ ក៏បានកំណត់យ៉ាងច្បាស់ថា កម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេសលើទឹកដីរបស់ខ្លួន ហើយកងទ័ពកម្ពុជា ក៏មិនមានមូលដ្ឋាននៅលើទឹកដីប្រទេសផ្សេងនោះទេ ពោលលើកលែងតែក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។

សម្ដេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការងារនេះខ្ញុំសូមបញ្ជាក់ម្ដងទៀត ការលើកឡើងនៅក្នុងកាសែតជាញឹកញយ រឿងសមុទ្ររាម។ កម្ពុជា រដ្ឋធម្មនុញ្ញរបស់យើងមាត្រា៥៣ បានបញ្ជាក់ច្បាស់ណាស់ កម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីខ្លួន ហើយកងទ័ពកម្ពុជា ក៏មិនមានមូលដ្ឋានរបស់ខ្លួននៅលើទឹកដីផ្សេងទៀត លើកលែងតែនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

ខ្ញុំបានបញ្ជាក់ករណីនេះ នៅអង្គការសហប្រជាជាតិរួចទៅហើយ, សម្ដេចតេជោ សម្ដេចពិជ័យសេនា ថ្នាក់ដឹកនាំជាតិរបស់យើង ក៏បានបញ្ជាក់ជាប្រចាំទៅហើយ ហើយខ្ញុំសូមបញ្ជាក់ជាថ្មី កសាងសមត្ថភាពរបស់កងទ័ពជើងទឹក ជើងគោក ជើងអាកាសរបស់កម្ពុជា គឺដើម្បីការពារជាតិកម្ពុជាតែប៉ុណ្ណោះ មិនមែនសម្រាប់បង្កើតសង្គ្រាមជាមួយអ្នកណានោះទេ»។

សម្ដេចធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងទៀតថា នៅលើពិភពលោក គ្មានច្បាប់កំណត់ហាមឃាត់ការធ្វើទំនើបកម្មការពារជាតិរបស់ប្រទេសនីមួយៗនោះទេ ពោលការពង្រឹងសមត្ថភាពរបស់កងទ័ព គឺដើម្បីចូលរួមនៅក្នុងការថែរក្សាស្ថេរភាព សុខសន្ដិភាព ទាំងក្នុងក្របខ័ណ្ឌកម្ពុជាផ្ទាល់ និងក្របខ័ណ្ឌតំបន់។ ប្រសិនមានស្ថានភាពអ្វីមួយកើតឡើង ដូចជា ឧក្រិដ្ឋកម្ម ភេរវកម្ម ជាដើម ហើយត្រូវការចូលរួមរបស់កម្ពុជា នោះកម្ពុជានឹងចូលរួមភ្លាម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា កងកម្លាំងរបស់កម្ពុជា បានបញ្ជូនទៅបំពេញការងារក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ បើមិនបង្កើនសមត្ថភាពទេ ម្ល៉េះមិនអាចធ្វើសមាហរណកម្មជាមួយបណ្ដាប្រទេសផ្សេងៗបាននោះទេ ដូច្នេះទាល់តែមានសមត្ថភាពទើបអាចចូលរួមជាមួយបណ្ដាប្រទេសផ្សេងៗ។

ក្នុងន័យនេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលនីតិកាលថ្មី ដាក់ចេញកំណែទម្រង់ជាច្រើន ដើម្បីពង្រឹងសមត្ថភាពកងទ័ព។ ប៉ុន្តែការកែទម្រង់ ធ្វើទំនើបកម្មកងទ័ព គឺមិនត្រូវឱ្យបាត់ស្មារតីការពារជាតិ ស្មោះត្រង់នឹងជាតិ និងប្រជាជន, ស្មារតីការពារជាតិ សាសនា និងព្រះមហាក្សត្រ និងការថែរក្សាសុខសន្តិភាពឡើយ៕