(កណ្ដាល)៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានជម្រុញឲ្យមន្ដ្រីអាវុធហត្ថ ដែលទើបបញ្ចប់ការហ្វឹកហ្វឺន៧៥នាក់ ត្រូវបង្កើតសមត្ថភាពរបស់ខ្លូន ក្នុងការថែរក្សា សន្ដិសុខ សណ្ដាប់ធ្នាប់ សង្គម ដើម្បីជៀសវាង ការបង្កនូវអាណាធិបតេយ្យពីសំណាក់ក្រុមជនខិលខូច មួយក្ដាប់តូច ដែលតែងតែលាបពណ៌លើរាជរដ្ឋាភិបាល។
លោកមេបញ្ជាការថ្លែងបែប ធ្វើឡើងក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញដល់មន្ដ្រីអាវុធហត្ថ៧៥នាក់ ប្រចាំឆមាសទី២ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល។
ក្នុងនោះដែរក៏មានការចូលរួមពី លោកមេបញ្ជាការរង លោកនាយកនាយរងសេនាធិការ លោកប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ និងមេបញ្ជាការក្រុងស្រុក១១ ក្នុងខេត្តកណ្ដាល។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «សិក្ខាកាម ក្រោយពីចប់វគ្គពេលត្រឡប់ទៅអង្គភាពវិញ ត្រូវយកចំណេះដឹងដែលបានមកពីការហ្វឹកហ្វឺនរៀនសូត្រ យកទៅអនុវត្ត ក្នុងការបំពេញភារកិច្ច ឲ្យចំទិសដៅ ត្រូវគារព បទបញ្ជានិងវិន័យ មានគុណធម៌ សាមគ្គីផ្ទៃក្នុង និងមានកិច្ចសហការល្អជាមួយគ្រប់ស្ថាប័នមានសមត្ថកិច្ច អជ្ញាធរដែនដី»។
លោកបន្ថែមថា មន្ដ្រីអាវុធហត្ថ ជៀសវាងធ្វើអ្វីនាំឲ្យប៉ះពាល់ដល់កេរ្តិឈ្មោះ សេចក្ដីថ្លៃថ្នូរ របស់កងរាជអាវុធហត្ថ ដើម្បីស្របការណែនាំរបស់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែក្រើនរំលឹកដាស់តឿន និងឲ្យដំបូន្មានដល់ថ្នាក់ក្រោម អនុវត្តជាប្រចាំ។
ជាមួយគ្នានេះដែរ លោកមេបញ្ជាការ ក៏បានឧបត្ថម្ភថវិកាមួយចំនួន និងអាវយឺតម្នាក់មួយ ដល់គ្រូឧទេសនាម៧នាក់ និងគណៈគ្រប់គ្រងវគ្គ៦នាក់ ចំណែកសិក្ខាកាមចំនួន៧៥នាក់ ក្នុងម្នាក់ៗទទួលបានអាវយឺត១ ផងដែរ៕