(ភ្នំពេញ)៖ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សម្របសម្រួលព័ត៌មាន និងសាធារណៈមតិ (គ.ស.ព.ស) នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោលព័ត៌មានក្លែងក្លាយ ដែលកំពុងចែកចាយនៅតាមបណ្ដាញសង្គម ដោយតម្រូវឲ្យប្រជាពលរដ្ឋចុចលើតំណភ្ជាប់ (Link) ដើម្បីឱកាសទទួលបានអំណោយចំនួន១៥០០ដុល្លារ។

លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សម្របសម្រួលព័ត៌មាន និងសាធារណៈមតិ បានបញ្ជាក់ថា «ករណីនេះជាព័ត៌មានក្លែងក្លាយ មិនមានករណីចុះឈ្មោះដើ ម្បីទទួលបានអំណោយជាថវិកា ពីប្រទេសបារាំងដូចជាការបង្ហោះខាងលើនោះទេ។
សូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រលំ និងសូមកុំចុចលើលីងនោះឱ្យសោះ»។

ជាមួយគ្នានេះ ក្រុមការងារ Hotline Scam 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានអះអាងថា ប្រសិនបើប្រជាពលរដ្ឋចុចតំណភ្ជាប់ដែលបញ្ជូនដោយជនអនាមិកនោះ នឹងប្រើប្រាស់ដើម្បីទាញយកទិន្នន័យផ្ទាល់ខ្លួនរបស់ជនរងគ្រោះតែម្ដង។ ដូច្នេះសូមកុំចុចនូវអ្វីដែលទទួលបានពីជនអនាមិក ដើម្បីជៀសវាងបាត់បង់ទិន្នន័យ ឬឯកសារសំខាន់ផ្សេងៗ៕