(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ការពង្រឹងសមត្ថភាពការពារជាតិរបស់កម្ពុជា តាមរយៈការធ្វើទំនើបកម្ម កន្លងមកនេះ គឺដើម្បីការពារសន្តិភាព និងស្ថិរភាពប៉ុណ្ណោះ ដោយគ្មានមហិច្ឆតាណាមួយ ក្នុងការឈ្លានពាននរណានោះទេ។
ការបញ្ជាក់ឡើងវិញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤)។ ពិធីនេះរៀបចំឡើងនៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក យ៉ាងមហោឡារឹកបំផុង ដោយមានការបង្ហាញកម្លាំងកងទ័ព និងយុទ្ធោបករណ៍មកពីតាមបណ្តាអង្គភាពនានាចំណុះឱ្យបញ្ជាការដ្ឋានកងទ័ពជើងគោកផងដែរ។
កន្លងទៅមានការវាយប្រហារយ៉ាងខ្លាំងមកលើកម្ពុជា ពីសំណាក់សារព័ត៌មានបរទេស និងសហរដ្ឋអាមេរិក ចំពោះការអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹករាម ក្រោមជំនួយរបស់ចិន ដោយចោទប្រកាន់ថា «កម្ពុជាអនុញ្ញាតឱ្យចិន តាំងមូលដ្ឋានទ័ពនៅក្នុងប្រទេស» ប៉ុន្តែព័ត៌មាននេះ ត្រូវបានច្រានចោលជាបន្តបន្ទាប់ និងបញ្ជាក់យ៉ាងច្បាស់លាស់ម្តងហើយម្តងទៀត ដោយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ។
នៅក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកដដែលនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានរំលឹកអំពីការចោទប្រកាន់ ការរិះគន់របស់ក្រុមប្រឆាំង និងសារព័ត៌មានបរទេស ដោយគ្រាន់តែឃើញ រថយន្តដឹកជញ្ជូនយោធាថ្មីៗ ដែលបានបង្ហាញក្នុងពិធីរម្លឹកខួបកងអង្គរក្សកន្លងទៅ ហើយសម្តេចជឿជាក់ថា នឹងមានការបន្តរិះគន់ទៀត សម្រាប់ការបង្ហាញ កម្លាំងកងទ័ព និងយុទ្ធោបករណ៍មកពីតាមបណ្តាអង្គភាព នានាចំណុះឱ្យបញ្ជាការដ្ឋានកងទ័ពជើងគោក នៅក្នុងខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកនាឱកាសនេះ។
សម្តេចបញ្ជាក់ដូច្នេះថា៖ «កម្ពុជា គឺគ្មានមហិច្ឆតា នៅក្នុងការរំលោភឈ្លានពានអ្នកណាទេ កម្ពុជាពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន ជាសិទ្ធិរបស់កម្ពុជាដូចទៅនឹងប្រទេសទាំងអស់លើពិភពលោក គ្មានប្រទេសណាមួយ ដែលមានច្បាប់មិនឱ្យធ្វើទំនើបកម្មការពារជាតិរបស់ខ្លួនទេ»។
សម្តេចធិបតី បានបន្តបញ្ជាក់ថា ការពង្រឹងសមត្ថភាពកងទ័ពនេះ គឺដើម្បីចូលរួមក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព នៅក្នុងប្រទេសផង ក៏ដូចជាចូលរួមក្នុងតំបន់ផង ក្នុងករណីដែលមានស្ថានភាពណាមួយកើតឡើងដូចជា ឧក្រិដ្ឋកម្ម ភេរវកម្ម ដែលត្រូវការការចូលរួមរបស់កម្ពុជា។
សម្តេចបានរំលឹកអំពីការចូលរួមរបស់កម្ពុជា ជាមួយអង្គការសហប្រជាជាតិ តាមរយៈការបញ្ជូនកម្លាំងថែរក្សាសន្តិភាព ទៅក្រៅប្រទេស តាមរយៈបេសកកម្មដោះមីន និងជួយសង្គ្រោះក្នុងគ្រោះមហន្តរាយជាដើម។ សម្តេចបានបញ្ជាក់ថា បើសិនជាកងកម្លាំងកម្ពុជាគ្មានសមត្ថភាព នោះអន្តរជាតិក៏នឹងមិនអនុញ្ញាតឱ្យកម្ពុជាចូលរួមជាមួយពួកគេដែរ៕