(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់កងទ័ពខិតខំលើការពង្រឹងនយោបាយការទូតយោធា តាមរយៈការកសាងកិច្ចសហប្រតិបត្តិការជាមួយភាគីមិត្ត នៅក្នុងការធ្វើការហ្វឹកហ្វឺន និងការធ្វើលំហាត់រួមគ្នា ដើម្បីចូលរួមក្នុងការថែរក្សាសន្តិភាព មិត្តភាពរវាងប្រទេស និងប្រទេស ក្នុងនោះក៏ត្រូវបន្តយកចិត្តទុកដាក់លើការបណ្តុះបណ្តាល ហ្វឹកហ្វឺន ដើម្បីពង្រឹងសមត្ថភាពយោធាផងដែរ។

ការអះអាងរបស់សម្ដេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាធិបតីភាព ពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤)។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «យើងក៏បានកសាងកិច្ចសហប្រតិបត្តិការជាមួយភាគីមិត្ត នៅក្នុងការធ្វើការហ្វឹកហ្វឺន និងការធ្វើលំហាត់រួមគ្នា ហើយកិច្ចការងារនេះសូមបន្តធ្វើ [..] ការទូតយោធា គឺជាការចូលរួមសំខាន់ ក្នុងការថែរក្សាសន្តិភាព មិត្តភាពរវាងប្រទេស និងប្រទេស ព្រោះការប្រយុទ្ធគ្នា គេមិនដែលយកស៊ីវិលទៅគប់ដុំថ្មដាក់គ្នានោះទេ គឺមានតែកងទ័ព កងកម្លាំងប្រដាប់អាវុធ ដូចនេះការបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នា បង្កើតភាពទុកចិត្ត ស្គាល់គ្នា រួមគ្នាទប់ទល់ជាមួយនឹងបញ្ហារួមដូចជា ឱក្រិដ្ឋកម្មឆ្លងដែន គ្រឿងញៀន ប្រឆាំងភេរវកម្ម គឺជាកិច្ចការដែលយើងត្រូវធ្វើ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការទូតយោធានេះគឺស្ថិតនៅក្នុងចក្ខុវិស័យ និងទិសដៅរបស់យើង ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ កម្ពុជាក៏បានឃើញចុះហត្ថលេខាបង្កើតមិត្តភាពជាមួយបណ្ដា ប្រទេសជាច្រើនដូចជា៖ ជប៉ុន ចិន កូរ៉េ ហ្វីលីពីន សាំងហ្គាពួ និងបណ្តាប្រទេសជាច្រើនទៀតនៅក្នុងអាស៊ាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ទៀតថា យើងត្រូវតែបន្តធ្វើការពង្រឹង និងពង្រីកនូវទំនាក់ទំនងភាពជាដៃគូនេះ ដើម្បីធ្វើយ៉ាងណាឲ្យកងទ័ពបានចូលរួម, មានមិត្តកាន់តែច្រើនកាន់តែល្អ កិច្ចសហប្រតិបត្តិការរួមគ្នា ហ្វឹកហ្វឺននូវលំហាត់កាន់តែល្អ ហើយកងទ័ពក៏បានចូលរួមបាននៅក្នុងលំហាត់ទ្វេភាគី ពហុភាគី នៅក្នុងប្រទេស និងក្រៅប្រទេស ហើយសូមបន្តទៅលើកិច្ចការនេះ គឺស្ថិតក្នុងការពង្រឹងសមត្ថភាពកងទ័ព។

បន្ថែមពីនេះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់លើការងារពង្រឹងការហ្វឹកហ្វឺន យកចិត្តទុកដាក់នៅក្នុងការពង្រឹងសាលា ការកសាងសាលាដែលមិនទាន់បានហើយគឺនៅបន្តធ្វើទៀត និងឈានទៅដល់ការកសាងបន្តទៀត ត្រូវយកចិត្តទុកដាក់លើការរៀបចំកម្មវិធីសិក្សា និងការស្រាវជ្រាវបន្ថែមទៀតផងដែរ៕