(ភ្នំពេញ)៖ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងពីបង្ហាញប្រឈមផ្នែកវប្បធម៌អរូបីនៅថ្នាក់មន្ទីរ ដោយបញ្ជាក់ ចាប៉ីដងវែង នៅខេត្តកំពង់ចាម កំពុងប្រឈមនឹងការបាត់បង់។ ចំណែកឯខេត្តសៀមរាប ប្រឈមនឹងការបាត់បង់ល្ខោននិយាយ ល្ខោនអាប៉េ ភ្លេងគ្រឹម និងភ្លេងអារក្ស។

លោក ហាប់ ទូច បានឲ្យដឹងបែបនេះ ពេលឡើងថ្លែងរាយការណ៍ជារួម ស្តីពីវឌ្ឍនភាព និងទិសដៅការងារវប្បធម៌និងវិចិត្រសិល្បៈសំខាន់ៗ សម្រាប់ឆ្នាំ២០២៣ និងឆ្នាំ២០២៤ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅសាលសន្នសីទចតុម្មុខ។

លោក ហាប់ ទូច បានបញ្ជាក់យ៉ាងដូច្នេះថា «មន្ទីរខេត្តសៀមរាប បានរាយការណ៍អំពីភាពប្រឈមនឹងការបាត់បង់ល្ខោននិយាយ ល្ខោនអាប៉េ ភ្លេងគ្រឹម និងភ្លេងអារក្ស។ រីឯមន្ទីរវប្បធម៌ខេត្តកំពង់ចាម បានរាយការណ៍អំពីភាពប្រឈមនឹងការបាត់បង់ចាប៉ីដងវែង»

ចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

ចាប៉ីដងវែង ជាឧបករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជា ដែលជាឧបករណ៍ដែលមានឆ្លាក់ នៅជញ្ជាំងប្រាសាទ អង្គរវត្តផងដែរ។ ចាប៉ីអាចលេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗដោយខ្លួនឯងទៀតផង។ បទចម្រៀងចាប៉ីជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗ ដល់ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម។

ក្នុងឱកាសនោះដែរ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានលើកឡើងថា ក្នុងសន្និបាតនេះ លោកស្រីនឹងចូលរួមដោយផ្ទាល់ជាមួយមន្ត្រីក្រសួង ដើម្បីពិនិត្យ ជជែកពិភាក្សា រកដំណោះស្រាយ និងកំណត់ទិសដៅការងារអាទិភាព សម្រាប់រយៈពេលខ្លីបន្ទាប់ មធ្យម និងវែង ជាពិសេសគោលដៅនៃសមិទ្ធផលរំពឹងទុក សម្រាប់ឆ្នាំ២០២៤៕