(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ បានណែនាំដល់បញ្ជាការដ្ឋានកងទ័ពជើងគោក ឲ្យបន្តធ្វើកំណែទម្រង់ពង្រឹងរចនាសម្ព័ន្ធ ពង្រឹងសមត្ថភាពកម្លាំង និងការបំពាក់យុទ្ធោបករណ៍ផ្សេងៗ។
ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤) នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមឲ្យបញ្ជាការដ្ឋានកងទ័ពជើងគោក សូមបន្តទម្រង់ពង្រឹងរចនាសម្ព័ន្ធ ដែលបានកែសម្រួលរួច ពង្រឹងសមត្ថភាពរបស់កម្លាំង ដែលបានរៀបចំរួច និងការបំពាក់ផ្សេងៗ»។
បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឲ្យបន្ដពិនិត្យ ក្នុងករណីចាំបាច់ ដើម្បីធ្វើការកំណែទម្រង់រចនាសម្ព័ន្ធបន្ដ ព្រោះសភាពការណ៍ប្រែប្រួល សភាពការណ៍វិវត្ដន៍ បច្ចេកវិទ្យាវិវត្ដន៍ យុទ្ធវិធីវិវត្ដន៍ ទាមទារឲ្យកងកម្លាំង របស់យើងត្រូវវិវត្ដន៍ផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា «យើងមិនអាចប្រយុទ្ធនូវសង្គ្រាមអនាគត ផ្អែកលើយុទ្ធវិធីអតីតកាលទាំងអស់នោះទេ»។ ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យបញ្ជាការដ្ឋានកងទ័ពជើងគោក បន្តស្រាវជ្រាវហ្វឹកហាត់ ដើម្បីឆ្លើយតបការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា និងស្ថានភាពរបស់ពិភពលោកផងដែរ។
សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញផែនការកែទម្រង់ និងកសាងកងទ័ពជើងគោករយៈពេល២០ឆ្នាំ (២០១៨-២០៣៨) ដោយបានកំណត់ការងារអាទិភាពមានដូចជា៖
*ទី១៖ ពង្រឹងផែនការប្រៀបការពារជាតិ
*ទី២៖ កែសម្រួលកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន និងកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ឲ្យសមស្របទៅតាមស្ថានភាពបន្ទាត់ព្រំដែន
*ទី៣៖ កសាងអគារស្នាក់នៅជុំរំជុំរក របស់បណ្តាអង្គភាពតាមបន្ទាត់ព្រំដែន កងពលធំ កងពលតូច តំបន់ប្រតិបត្តិការសឹក និងកងការពារព្រំដែន
*ទី៤៖ កែលម្អកម្មវិធីហ្វឹកហ្វឺន នៅតាមបណ្តាអង្កភាព និងបណ្តុះបណ្តាលកសាងយោធាចារ្យវ័យក្មេងគ្រប់ជំនាញនៅតាមបណ្តាសាលា
*ទី៥៖ ធ្វើទំនើបកម្មសម្ភារ និងសព្វាវុធទូទាំងកងទ័ពជើងគោកតាមដំណាក់កាល៕