(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតធំជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតមិត្តភាពជាតិមួយទល់នឹងក្រុម African All Star នាម៉ោង ៥៖០០នាទីល្ងាចនេះ នៅពហុកីឡដ្ឋានជាតិ នេះបើយោងតាម Facebook Page របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)។
ដោយពុំមានការផ្សាយផ្ទាល់ពីទូរទស្សន៍ក្នុងស្រុកណាមួយ ដូច្នេះ FFC អនុញ្ញាតឲ្យប្រិយមិត្ត និងអ្នកគាំទ្រចូលទស្សនាដោយសេរី ពុំលក់សំបុត្រឡើយពី១ប្រកួត ដ៏ជក់ចិត្តនាល្ងាចថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០១៦ នេះ។
គោលបំណងនៃការប្រកួតមិត្តភាពកម្តៅសាច់ដុំ និងដកស្រង់បទពិសោធន៍នេះ គឺត្រូវបានធ្វើឡើងដើម្បីពង្រឹងសមត្ថភាពរបស់ជម្រើសជាតិកម្ពុជា មុនជួបប្រកួតមិត្តភាពអន្តរជាតិ ជាមួយនឹងម្ចាស់ផ្ទះហុងកុង នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញាសប្តាហ៍ក្រោយ។
សូមបញ្ជាក់ដែរថា ក្រុម African All Star គឺជាសមាជិកកីឡាករស្បែកខ្មៅដែលកំពុងប្រកបអាជីពនៅកម្ពុជាពេលបច្ចុប្បន្ន ប្រមូលគ្នាបាន១ក្រុមប្រកួតមិត្តភាព ដកស្រង់បទពិសោធន៍ជាមួយកម្ពុជាល្ងាចនេះ៕