(ព្រះវិហារ)៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤កន្លងមកនេះ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំនិស្សិតថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃរាជបណ្ឌិត្យសភា កម្ពុជា ធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឬស្សីត្រឹប ស្ថិតនៅស្រុកឆែប ខេត្តព្រះវិហារ ក្រោមប្រធានបទ «បញ្ញវន្ត និងបុរាណស្ថាននៃវប្បធម៌ធម្មជាតិ»។ នេះបើតាមប្រភពដកស្រង់ចេញពីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឬស្សីត្រឹប។

ជាការពិតណាស់ ឧទ្យានតេជោសែនឫស្សីត្រឹបគ្របដណ្ដប់លើផ្ទៃដីចំនួន ១១៤.៣៥គីឡូម៉ែត្រក្រឡា និងមានហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ការិយាល័យធ្វើការ ស្រះចិញ្ចឹមត្រី ផ្ទះលំហែ ផ្ទះលើដើមឈើ កន្លែងផលិតទឹកដោះគោ កន្លែងចិញ្ចឹមគោទឹកដោះ កន្លែងចិញ្ចឹមក្របី សួនដំណាំ សួនលំហែកាយ ចំការស្មៅ នេពានិងរុស្ស៊ី សួនសត្វប្រើស និងឡស្លដែកបុរាណជាដើម។

ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងសំខាន់ៗមួយចំនួនដូចជា៖

*ទី១៖ បង្ហាញឱ្យឃើញពីសក្តានុពលដ៏សំបូរបែបនៃឧទ្យាន ទាំងរូបីនិងអរូបី (ធម្មជាតិ និងវប្បធម៌)
*ទី២៖ បង្ហាញអំពីសមិទ្ធផលនៃឧទ្យាន រួមមាន៖ ការចិញ្ចឹមគោទឹកដោះ, ក្របី ពពែ និងហេដ្ឋារចនាសម្ព័ន្ធនានាដែលមាននៅក្នុងឧទ្យាន
*ទី៣៖ បង្ហាញអំពីបុរាណស្ថាន នៃទីតាំងឡស្លដែកបុរាណដែលមានអាយុកាលមួយពាន់ឆ្នាំ
*ទី៤៖ ស្វែងយល់អំពីស្ថានភាព នៃជីវភាពរស់នៅរបស់ជនជាតិភាគតិច និងប្រជាពលរដ្ឋនៅមូលដ្ឋាន
*ទី៥៖ បណ្តុះនូវគំនិតស្រលាញ់ ចូលរួមថែរក្សា និងការពារធនធានព្រៃឈើ សត្វព្រៃ និងសត្វស្លាបកម្រដែលនៅសេសសល់ សម្រាប់កូនចៅជំនាន់ក្រោយ
*ទី៦៖ រឹតចំណងសាមគ្គីភាព មិត្តភាព និងសាងនូវអនុស្សាវរីយ៍ល្អ រវា និស្សិត សាស្រ្តាចារ្យ គ្រូបង្រៀន និងថ្នាក់ដឹកនាំ។ 

ក្នុងដំណើរទស្សនកិច្ចសិក្សានេះ បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានលើកឡើងថា «ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប មិនត្រឹមតែជាទីតាំងធម្មជាតិដ៏ស្រស់ស្អាត និងសំបូរបែប នោះទេ ឧទ្យាននេះក៏ជាទីកន្លែងផ្សារភ្ជាប់បេះដូងរបស់បញ្ញវន្តផងដែរ ព្រោះនៅពេលបេក្ខជនបណ្ឌិត ឬនិស្សិតដែលបញ្ចប់ការសិក្សា ហើយត្រូវសរសេរនិក្ខេបបទឬសារណាលើប្រធានបទ ដែលពាក់ព័ន្ធនឹងធនធានធម្មជាតិ និងវប្បធម៌ ពួកគាត់អាចអញ្ជើញមកកាន់ទីតាំងឧទ្យាននេះបានគ្រប់ពេលវេលាទាំងអស់»

ជាងនេះទៅទៀត បណ្ឌិតសភាចារ្យប្រធាន ក៏បានលើកឡើងថា ឧទ្យានតេជោសែនឬស្សីត្រឹបបើកទ្វារទទួលស្វាគមន៍បងប្អូនខ្មែរគ្រប់ស្រទាប់មកទស្សនាធម្មជាតិវប្បធម៌ និងសមិទ្ធផលនានាដែលរាជបណ្ឌិត្យសភាកម្ពុជា បាននិងកំពុងរៀបចំនិងអភិវឌ្ឍ។ 

ក្នុងរយៈពេលបីថ្ងៃពីរយប់នេះ និស្សិតទាំងអស់ពិតជាទទួលបាននូវភាពសប្បាយរីករាយ និងទទួលបាននូវចំណេះដឹងជាច្រើនផងដែរទាក់ទងនឹងដំណើរការរៀបចំកសាងឧទ្យាន ការអភិរក្សធនធានធម្មជាតិ និងការកៃឆ្នៃផលិតផលនានាផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមនិស្សិត ក៏បាននាំយកអំពូលសូឡាចំនួន៥០គ្រឿង ព្រមទាំងកាមមេរ៉ាថតសត្វចំនួន ៣គ្រឿង ប្រគល់ជូនលោកបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងឧស្យានផងដែរ៕