(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៨ ខែសីហានេះ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បានចូលរួមក្នុងពិធីសម្ភោធទីស្នាក់ការឆ្នោតកីឡាជាតិ ប្រចាំខេត្តសៀមរាប ក្រោមអធិបតីភាព សម្ដេចព្រះរាជបុត្រី ព្រះរាម នរោត្ដម បុប្ផាទេវី និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានលើកឡើងថា៖ អាជ្ញាធរខេត្តតែងតែការពារជានិច្ចនូវ ក្រុមហ៊ុនអាជីវកម្មសេវាកម្មស្របច្បាប់គ្រប់ប្រភេទ ហើយតែងតែលើកទឹកចិត្ត និងទាក់ទាញការវិនិយោគទុននានា ដើម្បីនាំមកនូវការងារ និងចំណូលដល់ខេត្ត និងសេដ្ឋកិច្ចជាតិ រួមចំណែកកាត់បន្ថយភាពក្រីក្រ តាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល។
រីឯឆ្នោតកីឡាជាតិនេះទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល នាឆ្នាំ២០១៤ ដោយមានកិច្ចសហការរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមហ៊ុនឆ្នោតកីឡាជាតិ ក្រោមការត្រួតពិនិត្យតាមដានអាជីវកម្មផ្ទាល់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ហើយការបង្កើតឆ្នោតកីឡាជាតិនេះក្នុងគោលបំណង ជួយទ្រទ្រង់ និងអភិវឌ្ឍកីឡាជាតិ ជួយទ្រទ្រង់ឧបត្ថម្ភការរៀបចំការប្រកួតកីឡា SEA Games ឆ្នាំ២០២៣ ព្រមទាំងកាត់បន្ថយអាជីវកម្មឆ្នោត ឬល្បែងភ្នាល់ខុសច្បាប់ ហើយជួយរកចំណូលដល់សេដ្ឋកិច្ចជាតិ។
លោកអភិបាលខេត្តបានបន្តថា អាជីវកម្មឆ្នោតកីឡាជាតិ ដែលបើកសម្ពោធសាខាជាផ្លូវការ នៅក្នុងខេត្តសៀមរាបនាពេលនេះ គឺពិតជាបានរួមចំណែកជួយ លើកស្ទួយ និងអភិវឌ្ឍសេដ្ឋកិច្ចខេត្តសៀមរាបផងដែរ។ ក្រុមហ៊ុនឆ្នោតកីឡាជាតិសហការជាមួយសមត្ថកិច្ចជំនាញ ពាក់ព័ន្ធដើម្បីដំណើរការ អាជីកម្មរបស់ខ្លួនដោយរលូន និងថ្លែងអំណរគុណជាថ្មីម្តងទៀត ដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមហ៊ុនឆ្នោតកីឡាជាតិ ដែលផ្តល់កិត្តិយស និងផ្តល់ទំនុកចិត្តក្នុងការជ្រើសរើស ខេត្តសៀមរាប ដើម្បីបើកសាខាឆ្នោតកីឡាជាតិនាពេលនេះ និងសូមជូនពរឲ្យអាជីវកម្មឆ្នោតកីឡាជាតិ ប្រព្រឹត្តទៅដោយជោគជ័យលើទឹកដីអង្គរ ដ៏បវររបស់យើង៕