(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំទៅដល់មន្ត្រីជំនាញគ្រប់ផ្នែក ត្រូវធ្វើយ៉ាងណាបង្ក្រាបបទល្មើសនានានៅក្នុងមូលដ្ឋាន ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។

ការណែនាំបែបនេះរបស់លោកអភិបាលខេត្តបានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ ក្នុងឱកាសលោកបានអញ្ជើញបើកកិច្ចប្រជុំការងារប្រចាំខែរបស់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីត្រួតពិនិត្យលទ្ធផលការងារដែលបានសម្រេចកន្លងមក និងលើកទិសដៅសម្រាប់ការងារបន្ទាប់ នៅឯសាលប្រជុំB២ សាលាខេត្តបាត់ដំបង ។

ក្នុងឱកាសនោះ លោក សុខ លូ បានលើកឡើងថា បច្ចុប្បន្ននេះ ត្រូវបន្តយកចិត្តទុកដាក់ទៅលើគ្រឿងញៀន ដែលជាបញ្ហាធំចម្បងព្រោះវាជាបញ្ហាស្មុគស្មាញក្នុងការទប់ស្កាត់ ក៏ដូចជាត្រូវលុបបំបាត់ហើយអាជ្ញាធរមានសមត្ថកិច្ចត្រូវបន្តស្រាវជ្រាវ និងបង្ក្រាបឱ្យបានទាន់ពេលវេលា។ ដោយឡែកចំពោះអ្នកញៀនគ្រឿងញៀន ត្រូវធ្វើការបន្សាបគ្រឿងញៀននៅឯមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន ដោយត្រូវបង្រៀនចំណេះ ជំនាញបច្ចេកទេសផ្សេងៗដល់ពួកគាត់ ឱ្យមានចំណេះជំនាញជាក់លាក់មួយ ដែលអាចប្រកបមុខរបរចិញ្ចឹមជីវិតបាន។

លោក សុខ លូ បានបញ្ជាក់ថា៖ «ក្រៅពីនោះបទល្មើសនេសាទក្នុងតំបន់អភិរក្ស និងសត្វព្រៃក្នុងតំបន់ព្រៃអភិរក្ស ក៏ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ព្រោះនេះគឺជាធនធានធម្មជាតិដែលបន្សល់ទុកឱ្យយើងជាអ្នកថែរក្សាមើលការខុសត្រូវ ហើយក៏ជាផ្នែកមួយដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកទស្សនាក្នុងតំបន់នោះ ប្រសិនបើយើងធ្វើឱ្យមានការខូចខាត ឬបំផ្លាញទៅលើតំបន់ជម្រកធម្មជាតិទាំងអស់នោះឱ្យបាត់បង់កន្លែងទាក់ទាញទេសចរណ៍ឱ្យចូលមកទស្សនានៅក្នុងតំបន់នោះ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទាំងមូលក្នុងសហគមន៍ផងដែរ »

លោក សុខ លូ ក៏បានគូសបញ្ជាក់ពាក់ព័ន្ធនឹងសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងខេត្តបាត់ដំបងថា មួយរយៈក្រោយល្បែងភ្នាល់ ល្បែងស៊ីសង ល្បែងពាណិជ្ជកម្មទាំងដែលបានចុះបញ្ជី និងមិនបានចុះបញ្ជីគឺមានការកើតឡើងដែលមិនស្របតាមច្បាប់ជាច្រើនករណី ដូចនេះ អាជា្ញធរមានសមត្ថកិច្ចត្រូវត្រួតពិនិត្យលើបញ្ហាអាជ្ញាបណ្ណ និងទីតាំងឱ្យបានច្បាស់លាស់ ស្របតាមច្បាប់ ក៏ដូចជាមានលិខិតបទដ្ឋានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងត្រួតពិនិត្យលើបញ្ហានេះឱ្យហ្មតចត់ឡើងវិញព្រោះល្បែងពាណិជ្ជកម្មដែលមិនបានចុះបញ្ជីនេះ បានជ្រាប និងរីកសាយភាយនៅតាមភូមិស្រុកនីមួយៗ ជាពិសេសនៅក្នុងទីប្រជុំជនដែលអាច
មាននៅតាមហាងលក់អាហារ កាហ្វេ និងភេសជ្ជៈជាដើម ហើយអាជ្ញាធរមានសមត្ថកិច្ចត្រូវទទួលខុសត្រូវលើដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវស្រាវជ្រាវទៅលើល្បែងភ្នាល់ ព្រមទាំងល្បែងផ្សងសំណាងផ្សេងៗ ព្រោះឥឡូវនេះបច្ចេកវិទ្យាកាន់តែទំនើប ការបង្កភាពអាណាធិបតេយ្យក៏កាន់តែច្រើនឡើងដូចគ្នា៕