(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ បានថ្លែងថា សមាជិក សមាជិកាក្រុមប្រឹក្សាឃុំទាំង១១ ក្នុងស្រុកកំពង់ស្វាយ នឹងក្លាយជាសន្លឹកឆ្នោតផ្លូវការ ១សន្លឹក ដ៏មានសារៈសំខាន់ដើម្បីគាំទ្រ និងជ្រើសរើសបេក្ខភាពសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ ឆ្នាំ២០២៤។

លោកស្រី ឃួន ឃុនឌី បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា ឃុំទាំង១១ ក្នុងស្រុកកំពង់ស្វាយ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សស្រុក។

នាឱកាសនោះដែរ លោកស្រីថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្សប្រជាជនទាំងអស់ ដែលបានបោះឆ្នោតគាំទ្រការជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ កន្លងមក ហើយលោកស្រីបានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមការងារសមាជិក សមាជិកាស្រុកឃុំទាំងអស់ ដែលជាកម្លាំងស្នូលដ៏រឹងមាំក្នុងមូលដ្ឋានដែលបានលះបង់ ដាក់ចិត្ត ដាក់កាយ ដាក់បេះដូងដោយទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋានអ្នកគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទទួលបានសំលេងលើសលប់នៅក្នុងអាណត្តិទី៥នេះ។

លោកស្រីបានបន្តថា ការគាំទ្រ និងទុកចិត្តពីថ្នាក់ដឹកនាំកំពូល គឺដោយសារតែលោកស្រីផ្ទាល់ហ៊ានលះបង់ជូនប្រជាពលរដ្ឋស្រឡាញ់យុត្តិធម៌ តស៊ូគ្រប់កាលៈទេសៈជាមួយបងប្អូនមានទុក្ខលំបាកយើងនៅជាមួយគាត់ យើងមិនរត់ចោលពួកគាត់។

នាឱកាសនោះដែរ លោកស្រី បានបង្ហាញមោទនភាពខ្លាំងណាស់ដែលថ្នាក់ដឹកនាំមើលឃើញពីការលះបង់គ្រប់បែបយ៉ាង និងមានឆន្ទៈមុះមុតក្នុងការដឹកនាំដែលធ្វើឱ្យស្រុកកំពង់ស្វាយទាំងមូល ទទួលបានជោគជ័យលើសពីការរំពឹងទុក ហើយបានជ្រើសតាំងលោកស្រីជាសមាជិកព្រឹទ្ធសភា ឈរឈ្មោះបោះឆ្នោតនៅក្នុងអាណត្តិទី៥ នៅលេខរៀងទី៣ ដោយមានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឈឈ្មោះជាប្រធានព្រឹទ្ធសភា។ ដូចនេះសមាជិកក្រុមប្រឹក្សាឃុំទាំងអស់ ដែលជាអង្គបោះឆ្នោតត្រូវតែគាំទ្រសម្ដេច គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងមិនត្រូវឱ្យសន្លឹកឆ្នោតណាមួយក្លាយជាសន្លឹកឆ្នោតឥតបានការជាដាច់ខាត ចំណុចនេះអង្គបោះឆ្នោតទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន និងរឹងមាំ ព្រមទាំងថែរក្សាសុខភាព សុវត្ថិភាពឱ្យបានល្អ ចូលរួមបោះឆ្នោតនៅថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ។

លោកស្រីសង្ឃឹម និងជឿជាក់ថាលោកពូអ្នកមីងទាំងអស់ នៅតែបន្តគាំទ្រពេញទំហឹងនឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដោយមិនឱ្យសន្លឹកឆ្នោតណាមួយក្លាយជាសន្លឹកឆ្នោតអត់បានការនោះទេ។

យោងតាមប្រតិទិនរបស់គ.ជ.ប បានបញ្ជាក់ថា ការឃោសនារកសំលេងឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ហើយគណបក្សនយោបាយចំនួន៤ ដែលត្រូវចូលរួមប្រកួតប្រជែងការបោះឆ្នោតអសកលនេះមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ, និងគណបក្សហ៊្វុនស៊ិនប៉ិច។

សូមបញ្ជាក់ថា សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខនេះ មានអង្គបោះឆ្នោតជាតំណាងរាស្ត្រក្នុងតំណែងបច្ចុប្បន្នចំនួន ១២៥នាក់ ក្នុងនោះស្ត្រី១៧នាក់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងចំនួន ១១,៦២២នាក់ ក្នុងនោះស្ត្រី ២,៥៦៨នាក់៕