(ក្រចេះ)៖ លោក គង់ គឹមនី អភិបាលរងខេត្ត នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ ដឹកនាំក្រុមការងារនាំយកអំណោយលោក វ៉ា ថន អភិបាលខេត្តក្រចេះ មកប្រគល់ជូនលោកយាយ ម៉ូវ លេន អាយុ៧៧ឆ្នាំ ជាគ្រួសារអតីតយុទ្ធជនពលី មានទីលំនៅភូមិស្ទឹងស្វាយ ឃុំដារ ស្រុកចិត្របុរី។

អំណោយទាំងនោះរួមមាន៖ រទេះជនពិការ១ អង្ករ៥០គីឡូ ឃីត១កញ្ចប់ និងថវិកា៧០ម៉ឺនរៀល។

ក្នុងឱកាសនោះ លោក គង់ គឹមនី បានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកយាយដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខ និងជំរុញឱ្យមានការដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

លោកបានបញ្ជាក់ថា ដោយមើលឃើញពីការលំបាកលោកយាយមានវ័យចាស់ជរា រស់នៅប្រចាំថ្ងៃមានការលំបាក ទើបលោកអភិបាលខេត្តក្រចេះ បានផ្តល់ជូនលោកយាយដើម្បីជួយសម្រាលការលំបាកខ្លះជូនលោកយាយ និងក្រុមគ្រួសារ។ ហើយការផ្តល់ជូននាពេលនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ដោយបានចែងយ៉ាងច្បាស់អំពីការផ្តល់ជូនជនពិការ នូវសេវាសុខភាពប្រកបដោយគុណភាព និងសមត្ថភាពព្រមទាំងស្តារលទ្ធភាពពលកម្ម កាយសម្បទា និងសតិបញ្ញា។

ទន្ទឹមនឹងនោះលោកអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនដែលជាគ្រួសារលោកយាយ ត្រូវមានការយកចិត្តទុកដាក់អំពីបញ្ហាសុខភាពជាប្រចាំ ប្រកាន់ខ្ជាប់នូវអនាម័យ បើកបរត្រូវគោរពច្បាប់ចរាចរណ៍ និងខិតខំបង្កបង្កើនផលដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាព និងបង្កើនសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើឡើងវិញ៕