(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការកែសម្រួលទំហំប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩។

ពិធីនេះធ្វើក្រោមវត្តមានលោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត តំណាងឱ្យគណៈអភិបាលខេត្ត និងលោក លោកស្រីជាអាជ្ញាធរក្រុង ស្រុក ប្រធាន អនុប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គម និងមេឃុំ ចៅសង្កាត់ មន្ត្រីទទួលបន្ទុកមកពី ១០០ឃុំ សង្កាត់ ក្នុងខេត្តសៀមរាប។

កិច្ចប្រជុំនេះដែរធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីទំហំឧបត្ថម្ភថ្មី និងការបើកផ្តល់របស់កម្មវិធីដល់តួអង្គប្រតិបត្តិករតាមភូមិ ឃុំ សង្កាត់ ដើមី្បបន្តផ្សព្វផ្សាយដល់អ្នកទទួលផលតាមមខ្នងផ្ទះឱ្យបានយល់ច្បាស់ពីទំហំប្រាក់ឧបត្ថម្ភថ្មី ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រងាយរងគ្រោះ អំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងខេត្តសៀមរាប។

យោងតាមរបាយការណ៍របស់លោក គង់ សំអឿន បានឱ្យដឹងថា ក្រសួងបានកំពុងអនុវត្តកម្មវិធីជាតិជំនួយសង្គម គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងផ្តល់កិច្ចគាំពារ ដើមី្បរក្សាលំនឹងជីវភាពរស់នៅសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ នៅក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយបានបើកជាប្រចាំ ខែបានទៀងទាត់។ សម្រាប់ខេត្តសៀមរាប មកដល់បច្ចុប្បន្ននេះ បើកផ្តល់ស្ថិតក្នុងជុំទី១៥ ដោយគិតត្រឹមពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ សរុបចំនួន ៥៧,៤២៤នាក់ ចំណាយថវិកអស់១១,៧៧៩,៤៣២,០០០រៀល។ 

លោក គង់ សំអឿន បានសម្តែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងសហការី មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋបាលក្រុង ស្រុក សាខាមូលនិធិជាតិ ជំនួយសង្គម និងរដ្ឋបាលឃុំ សង្កាត់ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការ និងប្រតិបត្តិតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសម្រេចបានសមិទ្ធផលថ្មីៗទៀតផង។ 

លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអភិវឌ្ឍ អង្គការយូនីសេហ្វ និងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ ដែលបានជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ដែលបង្ហាញឱ្យឃើញច្បាស់ពីកិច្ចសហការប្រកបដោយភាពជាដៃគូគ្រប់ជ្រុងជ្រោយ ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាល ដើម្បីនិរន្តរភាពជាបរិយាប័ន្ន ពិសេសការកសាងនូវសមត្ថភាពរបស់មន្ត្រី។

លោកបានលើកឡើងថា តាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ រាជរដ្ឋាភិបាល បានដាក់ចេញកម្មវិធីជាតិជំនួយសង្គម ដើមី្បផ្តល់ការគាំពារគ្រួសារក្រីក្រ ជនងាយរងគ្រោះ និងគ្រួសារងាយរងហានីភ័យ។ ក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិ ជំនួយសង្គម ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីក្រីក្រ និងគ្រួសាររងហានីភ័យ។

លោកបានបន្តថា ការផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីខែមករា រហូតដល់ខែមីនា ឆ្នាំ២០២៤ ទៅតាមទំហំប្រាក់ឧបត្ថម្ភថ្មី គឺត្រូវបានបែងចែកទៅតាមប្រភេទបណ្ណសមធម៌ និងកម្រិតនៃភាពក្រីក្រ និងបានបញ្ឈប់ការឧបត្ថម្ភលើចំនួនសមាជិកគ្រួសារ ដោយរក្សាទុកនូវអត្រាឧបត្ថម្ភសម្រាប់លក្ខខណ្ឌផ្សេងទៀតគឺនៅដដែល។

លោកក៏បានជំរុញដល់រដ្ឋបាលឃុំ សង្កាត់ ផ្តល់ការគាំទ្រ និងការបង្កលក្ខណៈដល់ដំណើរការនៃការផ្សព្វផ្សាយដល់មេភូមិ អនុភូមិ និង សមាជិកភូមិដែលជាអ្នកសម្របសម្រួលផ្សព្វផ្សាយបន្តដល់អ្នកទទួលផលកុំឱ្យពួកគាត់មានការយល់ច្រឡំផងដែរ៕