(សៀមរាប)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបង្ហាញក្ដីសប្បាយរីករាយនៅពេលឃើញព្រឹត្តិការណ៍ប្រកួតសរសេរតាមអាន ឬសំណេរអង្គរ ប្រារព្ធឡើងនៅមុខប្រាសាទអង្គរវត្ត ដោយលោកស្រីបានពោលថា «ដូនតាខ្មែរប្រឹងប្រែងណាស់ដើម្បីអក្សរជាតិ ដូច្នេះកូនខ្មែរជំនាន់ក្រោយត្រូវថែរក្សាមរតករបស់លោក»

លោកស្រីបានបញ្ជាក់ថា ព្រលឹងដូនតាប្រាកដជារីករាយនៅពេលឃើញកូនចៅជំនាន់ក្រោយ បន្តខិតខំថែរក្សាកេរដំណែលរបស់លោក។

លោកស្រីរដ្ឋមន្ត្រី ភឿង សកុណា ក្នុងនាមជាចាស់ព្រឹទ្ធាចារ្យមួយរូបដែរនោះក៏ជឿជាក់ថា អ្នកដែលចូលរួមរៀបចំកម្មវិធីសំណេរអង្គរ អ្នកចូលរួមប្រកួតទាំងឡាយនឹងទទួលបានមគ្គផលទាំងអស់គ្នា តាមរយៈការបន្តកិច្ចការដែលដូនតាបានធ្វើពីមុនមកនោះ ពិសេសគឺការបន្តលើកកម្ពស់អក្សរសាស្ត្រជាតិនេះតែម្ដង៕