(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឲ្យបង្កើតក្រុមការងារពិសេស ផ្នែកផ្សព្វផ្សាយដើម្បីជួយដល់ការផ្សាយរបស់រាជធានី-ខេត្ត ដើម្បីឆ្លើយតបបានរហ័ស និងមានប្រសិទ្ធិភាពទាំងរឿងវិជ្ជមាន និងរឿងអវិជ្ជមាន។ ក្នុងនោះសម្ដេចធិបតីបានថ្លែងថា ព័ត៌មានអវិជ្ជមានគេចេះវេចខ្ចប់ ធ្វើឱ្យមានការចាប់អារម្មណ៍ ដោយឡែកព័ត៌មានវិជ្ជមានអត់ចេះវេចខ្ចប់ឱ្យគេចាប់អារម្មណ៍សោះ។
ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យប្រើប្រាស់មន្ទីរព័ត៌មានជាសេនាធិការ ព័ត៌មាន ក្រសួងព័ត៌មាន មន្ទីរព័ត៌មាន កុំឲ្យដើរតួនាទីជាអ្នកប្រមូល និងចែកចាយព័ត៌មាន ត្រូវដើរតួនាទីជាអ្នកធ្វើការងារសាធារណៈមតិ បុរេសកម្ម កុំចាំបាច់មានរឿងមួយដែលផ្ទុះខ្លាំងហើយ បានទៅពន្លត់តាមក្រោយ។ ការដោះស្រាយមានតាមដំណាក់កាលនីមួយៗ មិនចាំបាច់មានរឿងអ្វីបន្ដិចក៏ឡើង ដល់ថ្នាក់ជាតិនោះទេ ត្រូវដោះស្រាយតាមដំណាក់កាល។
សម្តេចធិបតីបានថ្លែងបន្ដថា ក្រសួងស្ថាប័ននីមួយៗ ដូចគ្នាចំពោះការងារដែលមិនច្បាស់លាស់ គឺត្រូវមានម្ចាស់ការក្នុងការផ្សព្វផ្សាយ ស្រាយបំភ្លឺតែម្ដង អ្វីដែលច្បាស់ត្រូវយកមកកែសម្រួលភ្លាមៗ និងត្រូវផ្សព្វផ្សាយអ្វីដែលយើង បានធ្វើផង នេះជាយន្ដការដ៏សំខាន់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា «តាមបណ្ដាខេត្តនីមួយៗ បានធ្វើកិច្ចការងារជាច្រើន ប៉ុន្ដែអ្វីដែលជាបញ្ហាគឺការមិនសូវផ្សព្វផ្សាយនូវអ្វីដែលយើងបានធ្វើ ប៉ុន្ដែបើបានផ្សាយក៏មិនសូវចេះរៀបរៀង នូវការផ្សព្វផ្សាយឲ្យបានប្រសើរ ឬហៅថាការផ្សព្វផ្សាយព័ត៌មានឆៅ មានន័យថា ព័ត៌មានអវិជ្ជមានគេចេះវេចខ្ចប់ ធ្វើឱ្យមានការចាប់អារម្មណ៍ ដោយឡែកព័ត៌មានវិជ្ជមានអត់ចេះវេចខ្ចប់ ឱ្យគេចាប់អារម្មណ៍នោះទេ»។
សម្តេចធិបតី មានប្រសាសន៍បញ្ជាក់ថា «ខ្ញុំបានឲ្យគោលការណ៍ ដើម្បីពិនិត្យមើលតាមបណ្ដាលខេត្ត គួរតែមានក្រុមការងារតូចមួយ សម្រាប់ជាសេនាធិការឲ្យអភិបាលរាជធានីខេត្ត សម្រាប់ធ្វើកិច្ចការងារទាំងនេះ យើងមានមធ្យោបាយជាច្រើន ក្នុងការធ្វើកិច្ចការងារ ដូច្នេះសូមពិនិត្យមើលឡើងវិញ ដើម្បីកុំគេឲ្យឃើញថា ព័ត៌មានល្អៗស្ងាត់ជ្រាប ប៉ុន្ដែព័ត៌មានអាក្រក់ឃើញផុសផុល»។
សម្តេចធិបតីបានថ្លែងបន្ដថា ចំពោះរឿងសាធារណៈមតិ ជារឿងដែលត្រូវធ្វើជាប្រចាំ បើយើងធ្វើរឿងល្អតែមិនផ្សព្វផ្សាយ ប្រជាពលរដ្ឋមិនបានដឹងនោះទេ ប៉ុន្ដែព័ត៌មានអវិជ្ជមានបែរជាត្រូវបានផ្សាយ ដូច្នេះប្រជាពលរដ្ឋ បានដឹងតែរឿងអវិជ្ជមាន ដូច្នេះអ្វីដែលប្រជាជនទទួលបានឃើញតែរឿងអវិជ្ជមានទាំងអស់ កុំភ្លេចថា បេះដូងបានកើតចេញពីភ្នែក និងត្រចៀក ភ្នែកមើលឃើញ ត្រចៀកស្ដាប់លឺជាប្រចាំនឹងហូរចូលដល់ខួរក្បាល បន្ទាប់មកបានចូលមកបេះដូងតាមក្រោយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ខេត្ត, ស្រុក, ឃុំនីមួយៗ មានអាជ្ញាធរបងប្អូនប្រជាពលរដ្ឋ បានខិតខំប្រឹងប្រែងធ្វើកិច្ចការងារ និងមានសមិទ្ធិផលនានាជាច្រើន ដូច្នេះគួរតែផ្សព្វផ្សាយរំលេចឲ្យបានច្រើន។
សម្ដេចធិបតីបានថ្លែងបញ្ជាក់ថា «ដូច្នេះខ្ញុំសូមឲ្យឯកឧត្តម លោកជំទាវ អភិបាលរាជធានីខេត្ត សូមសហការជាមួយ ឯកឧត្តម គណៈកម្មាធិការជាតិ សម្រប់សម្រួលកិច្ចការព័ត៌មានសាធារណៈមតិ ជាមួយក្រសួងព័ត៌មាន ដើម្បីយើងធ្វើការរៀបចំយន្ដការនេះ»៕