(រតនគិរី)៖ ដីព្រៃឈើរាប់រយហិកតាត្រង់ចំណុចកន្ទុយដីក្រុមហ៊ុនឥណ្ឌា (SK) អូរកាជាន់លើ ស្ថិតក្នុងឃុំតឺន ស្រុកកូនមុំ ព្រំប្រទល់ឃុំហាត់ប៉ក់ ស្រុកវ៉ើនសៃ ខេត្តរតនគិរី រងកាប់កាប់ទន្ទ្រានដុតនៅពេលយប់យកដីធ្វើកម្មសិទ្ធិ ខណៈអាជ្ញាធរ និងមន្ត្រីជំនាញមិនចុះបង្ក្រាប។

ជាក់ស្តែងរូបភាពជាច្រើនសន្លឹក នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ បានបង្ហាញថា សកម្មភាពគេលួចដុតក្នុងព្រៃស្រោងជាច្រើនរយហិកតា ត្រូវបានគេគ្រៀវឲ្យងាប់បន្តិចម្តងងាយស្រួលគេដុតនៅពេលយប់ ដែលមានផ្សែងហ៊ុយទ្រលោម។

បើតាមក្រុមអ្នកយាមដីម្នាក់ បានឲ្យដឹងថា ករណីនេះមានអ្នកមានលុយរស់នៅក្រុងបានលុងមួយចំនួន បានផ្តល់លុយជួលកម្មករ ឲ្យដើរបាញ់ថ្នាំព្រៃស្រោង ទុកចំណាំដុតជាកង់ៗ លក្ខណៈសន្សឹមៗ បង្វែងដានអាជ្ញាធរ និងមន្ត្រីជំនាញ ពោលគឺធ្វើការដុតបំផ្លាញព្រៃឈើខាងក្នុងមុន ចេញមកក្រៅលាតសន្ធឹងលើផ្ទៃដីរាប់រយហិកតាដោយបំលែងជាដីកម្មសិទ្ធិដូចជាដាំកៅស៊ូ ដាំដំឡូង ដាំចន្ទីជាដើម ម្ល៉េះបើគ្មានការទប់ស្កាត់ទេដីព្រៃស្រោងខាងលើ នឹងវិនាសហិនហោចជាក់ជាមិនខាន។

ទាក់ទិនទៅនឹងការកាប់ទន្ទ្រាន ដុតដីព្រៃរបស់រដ្ឋខាងលើនេះដែរ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃដដែលនេះថា លោកបានបញ្ជាទៅមេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានស្រុកកូនមុំ ឲ្យរាយការណ៍ជូនលោក សេក ហៃ អភិបាលស្រុកកូនមុំ ចុះចាត់ការករណីនេះ។

ដោយឡែក លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តរតនគិរី មិនទាន់សុំការបាននៅឡើយទេ នៅរសៀលថ្ងៃដដែលនេះ៕