(ភ្នំពេញ)៖ លោក អ៊ាង សីុផាន អភិបាលខណ្ឌច្បារអំពៅ បានថ្លែងអំពាវនាវ ឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រៀមលក្ខណៈសម្រាប់ការចុះឈ្មោះ បោះឆ្នោត នាពេលខាងមុខ ដីច្នេះសូមអាជ្ញាធរសង្កាត់ត្រៀមលក្ខណៈ ដើម្បីជួយដល់ បងប្អូនប្រជាពលរដ្ឋ ក្នុងការចុះឈ្មោះបោះឆ្នោត ដែលនឹងចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ។
លោក អ៊ាង សីុផាន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ក្នុងឱកាសដែលលោក បានដឹកនាំមន្ត្រីកាកបាទក្រហម នាំយកអំណោយសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជនចាស់ជរាគ្មានទីពឹង អ្នករស់នៅជាមួយមេរោគអេដស៍ ស្ត្រីទុរគត៌ ខណ្ឌច្បារអំពៅ។
លោក ញាណ ចាន់សោភា នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា អំណោយដែលត្រូវចែកជូននាពេលនេះ ក្នុង១គ្រួសារៗទទួលបានអង្ករ ៣០គីឡូក្រាម មី១កេស ទឹកត្រី១យួរទឹកស៊ីអ៊ីវ ១យួរ ត្រីខ១យួរ ឃីត១កញ្ចប់មាន ភួយ១ មុង១ សារុង១ ក្រមា១ រួមនឹងថវិកា៣ម៉ឺនរៀល។
ក្នុងឱកាសនោះលោក អ៊ាង សុីផាន អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានមានប្រសាសន៍ពាំនាំនូវក្តីនឹករលឹកយ៉ាងក្រៃលែង ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះប្រជាពលរដ្ឋថា ថ្វីត្បិតតែពេលនេះសម្តេច មិនមានវត្តមានដោយផ្ទាល់ក្តី ប៉ុន្តែចិត្តរបស់សម្តេចប្រធានកាកបាទក្រហមកម្ពុជា តែងឋិតនៅក្បែរបងប្អូនជានិច្ច។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅលើប្រជាពលរដ្ឋក្រីក្រលំបាកតោកយ៉ាក ចាស់ជរា អ្នកកើតជំងឺរុំារៃ និងជាពិសេសពលរដ្ឋផ្ទុកមេរោគអេដស៍ គឺមិនត្រូវមើលរំលងជាដាច់ខាត ព្រោះសុខទុក្ខរបស់ពលរដ្ឋកម្ពុជា គឺជាសុខទុក្ខរបស់សម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដូចគ្នា។
ក្នុងនោះ លោកអភិបាល ក៏បាននាំនូវការយកចិត្តទុកដាក់របស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធាន សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ផងដែរ។ លោកប្រធានអនុសាខាកាកបាទក្រហម ក៏បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យថែរក្សាសុខភាព តាមរយៈការហូបស្អាត ផឹកស្អាត រស់នៅ ដោយអនាម័យការរជានិច្ច ដើម្បីឲ្យមានសុខភាពល្អ រស់នៅបានយូរអង្វែងបន្តរង់ចាំមើលការអភិវឌ្ឍរីកចម្រើន របស់ប្រទេសជាតិយើង ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ជាមួយគ្នានេះ លោក អ៊ាង ស៊ីផាន បានជម្រុញឲ្យមន្ត្រីក្រោមឱវាទខិតខំប្រឹងប្រែង អនុវត្តការងារដោយណែនាំប្រជាពលរដ្ឋ ដែលមិនទាន់ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អោយរួសរាន់ទៅធ្វើអត្តសញ្ញាណ អោយទាន់ពេលវេលា ដើម្បីមានឯកសារគ្រប់គ្រាន់ សម្រាប់ចុះឈ្មោះឆ្នោត និងបោះឆ្នោត ឆ្នាំ២០១៧ខាងមុខ៕