(ព្រៃវែង)៖ មានអគ្គីភ័យឆាបឆេះផ្ទះរបស់ដូនចាស់ម្នាក់ ខណៈបង្កាត់ភ្លើងដាំបាយហើយ ក៏ដើរទៅលេងផ្ទះបងប្អូនមួយភ្លែត ត្រឡប់មកវិញត្រូវអគ្គីភ័យឆេះផ្ទះអស់ទាំងស្រុង។

ករណីនេះបានកើតឡើងកាលពីល្ងាចនៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៤ ស្ថិតក្នុងភូមិទួលជៃ ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង។

សមត្ថកិច្ចនគរបាលស្រុកព្រះស្ដេច បានឲ្យដឹងថា មានករណីភ្លើងឆេះផ្ទះរបស់ឈ្មោះស៊ុំ សឿន អាយុ៧១ឆ្នាំ ស្ថិតនៅក្នុងភូមិ ឃុំកើតហេតុខាងលើ បណ្តាលឲ្យឆេះអស់ផ្ទះ១ខ្នងទំហំ៤ម៉ែត្រគុណ៦ម៉ែត្រសង់ពីសសរបេតុង ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី។

សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលបង្កើតហេតុ ដូនចាស់ ស៊ុំ សឿន បានដាំបាយនៅរោងជាប់សំយាបផ្ទះ ដែលជាប់នឹងផ្ទះធំហើយគាត់បានដើរទៅផ្ទះបងប្អូនខាងកើតចំងាយ២០ម៉ែត្រ ពេលត្រឡប់មកផ្ទះវិញបានឃើញភ្លើងឆាបឆេះផ្ទះគាត់ ហើយក៏បានហៅបងប្អូនមកជួយពន្លត់នឹងរាយការណ៍សមត្ថកិច្ចជួយអន្តរាគមន៍ដែរ តែអណ្ដាតភ្លើងឆាបឆេះសន្ធោរសន្ធៅបណ្ដាលឲ្យឆេះផ្ទះអស់ទាំងស្រុងតែម្តង៕