(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ បានបង្ហាញក្តីបារម្ភចំពោះបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (Artificial Intelligence - AI) ដែលអាចបង្កើតនូវព័ត៌មានក្លែងក្លាយ ដែលនាំឱ្យមានគ្រោះថ្នាក់ដល់សង្គមជាតិ ក៏ដូចជាពិភពលោក។
សម្តេចនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា នៅពេលនេះក្នុងក្របខណ្ឌអន្តរជាតិ បាននាំគ្នាគិតគូររួចទៅហើយ អំពីគ្រោះថ្នាក់នៃការបង្កើតព័ត៌មានក្លែងក្លាយ តាមរយ AI នេះ។
តែយ៉ាងណាសម្តេចធិបតី ក៏បានបញ្ជាក់ថា បច្ចេកវិទ្យា AI មិនមែនអាក្រក់ទាំងអស់នោះទេ បច្ចេកវិទ្យានេះនឹងផ្តល់នូវថាមពលថ្មី ផលិតភាពថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពការងារ បើប្រើប្រាស់ក្នុងផ្លូវត្រូវ។
ការលើកឡើងពីបញ្ហាប្រឈមនៃ AI នេះធ្វើឡើងក្នុងឱកាសដែលសម្តេចនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារ សុខា ភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ការបង្កើតនូវព័ត៌មានក្លែងក្លាយ ឱ្យមានការវាយកាប់ចាក់ មានការសងសឹកចុះឡើងនេះជាបញ្ហាគ្រោះថ្នាក់ធំ ហេតុនេះហើយដែល AI ចាប់ផ្តើមមានបញ្ហា ហើយគ្រប់ប្រទេស ទាំងអស់រហូតដល់មានការគិតគូរជាក្របខណ្ឌអន្តរជាតិរួចទៅហើយ ព្រោះ AI វាវិវត្តន៍មួយទៀត បច្ចេកវិទ្យាពីមុនត្រឹមតែយកសំឡេងក្លែងក្លាយយកមកដាក់ ឥឡូវធ្វើរូបឱ្យនិយាយព័ត៌មានចេញតែម្តង ហើយនេះគឺជាគ្រោះថ្នាក់ធំ ណាស់សម្រាប់ជាតិរបស់យើង ក៏ដូចជាសកលលោក»។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានជំរុញឱ្យក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ ធ្វើការរៀបចំបទដ្ឋានគតិយុត្តនានា ដើម្បីគ្រប់គ្រងការប្រើប្រាស់ AI ឱ្យបានត្រឹមត្រូវ សម្រាប់បម្រើដល់ប្រយោជន៍សង្គម និងប្រទេសជាតិ៕