(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ លោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ និងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ រួមដំណើរដោយ លោក លោកស្រី ជាអភិបាលរងខណ្ឌ, មន្ត្រីសាលាខណ្ឌ, លោកចៅសង្កាត់ទាំង៨ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលបុណ្យសព លោក អ៊ុង រ៉ូន សមាជិកក្រុមប្រឹក្សាសង្កាត់និរោធ បានទទួលមរណភាព នៅថ្ងៃចន្ទ១២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១២៖៣៥នាទីថ្ងៃត្រង់ នៅគេហដ្ឋាន ក្នុងជន្មាយុ ៦០ឆ្នាំ ដោយរោគាពាធ។

លោកអភិបាល និងមន្ត្រីទាំងអស់ សូមចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំនេះ និងមានការសោកស្តាយយ៉ាងខ្លាំង ចំពោះហេតុការណ៍នេះ និងគ្រួសារសព។

សូមរលឹកថា សពតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន ផ្ទះលេខ១៩០ ផ្លូវបេតុង (បុរី កៃ ចាន់) ភូមិតាដៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សពនឹងត្រូវដង្ហែទៅបូជា នៅវត្តប្រជុំវង្ស នៅថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៧:៣០នាទីព្រឹក។ សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការគោរពអញ្ជើញលោក លោកស្រី អ្នកនាង កញ្ញា និងប្រជាពលរដ្ឋ ក្នុងសង្កាត់និរោធ អញ្ជើញចូលរួមពិធីបុណ្យសព និងចូលបច្ច័យតាមកម្លាំងសទ្ធារៀងៗខ្លួន៕