(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ក្នុងរយៈពេល៥ខែ នៃការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានធ្វើការដោះស្រាយបញ្ហាជាច្រើន តាមរយៈការទទួល បានព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយកិច្ចការខ្លះ សម្តេចបានដោះស្រាយដោយផ្ទាល់ ហើយក៏មានកិច្ចការខ្លះ សម្តេចបានបញ្ជូនទៅឱ្យស្ថានប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិ ចាត់វិធានការដោះស្រាយភ្លាមៗផងដែរ។

ថ្លែងក្នុងឱកាសបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវការព័ត៌មានពិត រហ័ស ទាន់ពេល គ្រប់ជ្រុងជ្រោយដើម្បីដាក់ចេញវិធានការ និងដំណោះស្រាយទាន់ពេលវេលា ចំគោលដៅ និងប្រសិទ្ធភាពខ្ពស់ផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ក្នុងរយៈពេល៥ខែនេះ រដ្ឋាភិបាលបាន៥ខែ ១ថ្ងៃគត់ ខ្ញុំបានធ្វើការច្រើន ដោះស្រាយបញ្ហាជាច្រើន គឺតាមរយៈការទទួលបានព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ខ្ញុំដោះផ្ទាល់ ហើយខ្ញុំបញ្ជូនទៅឱ្យស្ថានប័ន អាជ្ញាធរថ្នាក់ក្រោមជាតិចាត់វិធានការដោយស្រាយផ្ទាល់ភ្លាមៗ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ជាការពិតណាស់ព័ត៌មានទាំងអស់ ដែលធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គម មិនមែនសុទ្ធតែព័ត៌មានគ្រប់ជ្រុងជ្រោយ និងពិតទាំងអស់នោះទេ ប៉ុន្តែយើងអាចយកព័ត៌មានណា ដែលយើងអាចធ្វើការស្រាវជ្រាវចាត់វិធានការផ្ទាល់បាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអរគុណដល់ស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិជាច្រើន ដែលបានចូលរួមដោះស្រាយបញ្ហាបានទាន់ពេលវេលា និងលឿនរហ័ស, ក្នុងនោះបញ្ហាទាក់ទងនឹងការអនុវត្តន៍លើស។​ ជាក់ស្តែងបញ្ហា​ទាក់ទងនឹងការយកភាស៊ីលើប្រជាពលរដ្ឋលក់ទំនិញលើ កញ្ច្រែង ល្អី ខណៈដែលរាជរដ្ឋាភិបាល មិនបានអនុញ្ញាតឱ្យយកភាស៊ីនោះទេ ដូចនេះនៅពេលទទួលបានព័ត៌មាននេះ រាជរដ្ឋាភិបាលបានយកព័ត៌មាននោះ បញ្ជូនទៅឱ្យអាជ្ញាធរចុះពិនិត្យ និងឱ្យបញ្ឈប់ភ្លាមតែម្តង នេះជាការងារឧទារណ៍។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ការយកព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយសង្គមមកធ្វើការដោះស្រាយនេះ ដើម្បីពន្លត់រឿងតូច កុំឱ្យក្លាយទៅជារឿងធំ ដែលនេះគឺជាមធ្យោបាយធំណាស់ ដែលកន្លងទៅអាជ្ញាធរថ្នាក់ ក្រោមជាតិ ក៏បានប្រើវិធីសាស្ត្រនេះ ដើម្បីក្តាប់ព័ត៌មានឱ្យទាន់សភាពការផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យអភិបាលរាជធានី-ខេត្ត និងប្រធានស្ថាប័នទាំងអស់ ត្រូវប្រើប្រាស់វិធានការនេះឱ្យបានច្រើនដើម្បីដោះស្រាយបញ្ហា ជាពិសេសបញ្ហានៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវចាត់ចែងកិច្ចការដោះស្រាយឱ្យបានលឿនរហ័សផងដែរ៕