(ព្រះសីហនុ)៖ លោក គួច ចំរើន ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៤ របស់សាខាកាកបាទក្រហម កម្ពុជាខេត្ត ដោយមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខា លោក លោកស្រី ប្រធានគណៈកម្មាធិការអនុសាខាទាំង៥ក្រុង-ស្រុក នៅសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ លោក គួច ចំរើន បានសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ទទួលខុសត្រូវចូលរួមយ៉ាងសកម្មក្នុងការបំពេញបេសកកម្ម មនុស្សធម៌របស់ លោក លោកស្រី ទាំងគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុង-ស្រុក ក្រុមកាកបាទក្រហមឃុំ/សង្កាត់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានរួមគ្នាដោះស្រាយឆ្លើយតបដល់ ប្រជាជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ជនងាយរងគ្រោះបំផុតទាន់ពេលវេលា។

បន្ទាប់ពីសមាជិកសមាជិកានៃកិច្ចប្រជុំបានអនុម័ត លើទិសដៅការងារ និងផែនការថវិកាឆ្នាំ២០២៤ ប្រធានគណៈកម្មាធិការសាខា បានណែនាំដល់ក្រុមប្រតិបត្តិសាខានូវចំណុចមួយចំនួនរួមមាន៖

*ទី១៖ ត្រូវមានផែនការសកម្មភាពការងារ ប្រចាំខែនីមួយៗ ត្រីមាស និងឆ្នាំឱ្យបានជាក់លាក់។

*ទី២៖ ត្រូវបន្តអនុវត្តនូវទម្រង់បែបបទ នីតិវិធីនៃការប្រើប្រាស់មូលនិធិ។

*ទី៣៖ ត្រូវបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ធ្វើការងារក្នុងស្មារតីជាក្រុម ទទួលខុសត្រូវខ្ពស់ក្នុងការតាមដានពិនិត្យវាយតម្លៃ និងរបាយការណ៍ឱ្យបានទៀតទាត់ ព្រមទាំងមានសូចនាករណ៍ឱ្យបានច្បាស់លាស់។

*ទី៤៖ សាខាត្រូវបន្តអប់រំណែនាំស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកឲ្យបានទូរលំទូរលាយ។

*ទី៥៖ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបង្កើនចំណេះដឹង ជំនាញ លើកកម្ពស់សមត្ថភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុសម័យបច្ចេកវិទ្យាឌីជីថល៕