(កោះកុង)៖ លោក ហាក់ ឡេង ប្រធានសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកោះកុង នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ អ.ម.ត ខេត្ត នាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រធានសមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រចំនួន៥៥០នាក់។

លោក ហាក់ ឡេង បានថ្លែងថា អំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត រួមមាន៖ អង្ករចំនួន៥៥០បាវ ដោយប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ ដោយមិនប្រកាន់និន្នាការនយោបាយបក្សណាមួយឡើយ និងមិនរើសអើងពូជសាសន៍ឡើយ។

លោក ហាក់ ឡេង បានបន្តថា សមាគមសិស្ស និសិ្សតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតសាខាខេត្តកោះកុង មួយរយៈកន្លងមក បានចុះផ្តល់អំណោយជាច្រើនកន្លែងតាមស្រុក និងនៅតាមមូលដ្ឋានក្នុងខេត្ត មានដូចជា អង្ករ គ្រឿងឧបភោគបរិភោគ មួកសុវត្តិភាព សម្ភារសិក្សាជូនដល់សិស្សក្រីក្រ។

សមាគមបានផ្សព្វផ្សាយ និងផ្តល់ព័ត៌មានដល់គ្រួសារក្រីក្រ សិស្សក្រីក្រចង់ សិក្សាបន្ត តែខ្វះលទ្ធភាពបង់សាលា ពួកគាត់អាចមកទំនាក់ទំនង អ.ម.ត ខេត្តកោះកុង ដែលមានទីតាំងនៅជិតសាលាស្រុកមណ្ឌលសីមា ខេត្តកោះកុង អ.ម.ត នឹងផ្តល់អាហារូបករណ៍ឲ្យពួកគេមិនបាច់អស់ថវិកា និងកន្លែងស្នាក់នៅទៀតឡើយ។

លោក ហាស់ ឡេង បន្ថែមទៀតថា អំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត តិចតួចមែនតែបងប្អូនអាចជួយដោះស្រាយក្នុងជីវភាពបានធូរ១កម្រិតផងដែរ ហើយទោះបីយ៉ាងណាសម្តេច មិនចោលបងប្អូនដែរមិនថា ជិតឬឆ្ងាយនោះទេ។ ដូច្នេះសូមបងប្អូនត្រូវមានការជឿជាក់លើរាជរដ្ឋាភិបាល កុំជឿតាមការញុះញង់បក្សផេ្សងនាំមកឲ្យខ្មែរយើងឈ្លោះគ្នាបំផ្លាញសន្តិភាពទេ។

លោកថា «ប្រទេសយើងមានសន្តិភាព មានការអភិវឌ្ឍន៍ មានសេចក្តីសុខមានធនធានមនុស្ស យើងត្រូវរួមគ្នាការពារឲ្យបានគង់វង្ស ដើម្បីឆ្លើយតបជូនសម្តេចតេជោ ដែលសម្តេចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិមិនតែប៉ុណ្ណោះបានធ្វើមានកេរ្តិ៍ឈ្មោះល្បីល្បាយនៅឆាកអន្តរជាតិទៀតផង»