(ព្រៃវែង)៖ ស្ទើរតែគ្រប់ស្រុកក្រុង នៅខេត្តព្រៃវែង ប្រជាកសិករបានធ្វើស្រូវរដូវប្រាំងជាហូរហែរ តែសម្រាប់ស្រុកកញ្ជ្រៀចមួយ ទើបតែចាប់ផ្ដើមនៅចុងឆ្នាំ២០២៣ និង២០២៤នេះទេ ដោយលើផ្ទៃដីប៉ុន្មាន ១,៥៤៦ហិកតា។

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឱ្យដឹងនៅថ្ងៃទី២២ ខែមករាថា ផលិតកម្មដំណាំស្រូវរដូវប្រាំង (គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤) អនុវត្តបានលើផ្ទៃដីព្រោះសរុប ១១៧,២៣៥ហិកតា (ស្ទូងគ្មាន) ស្មើនឹង១៥៦,៣១%នៃផែនការ ៧៥,០០០ហិកតា ធៀបនឹងឆ្នាំមុន ខ្ពស់ជាង ១២,៦៣៣ហិកតា (គិតក្នុងរយៈពេលដូចគ្នា) ក្នុងនោះអនុវត្តលើផ្ទៃដីស្រែវស្សា ៣៨,៨៣៧ហិកតា ស្មើនឹង៣៣,១៣% នៃផ្ទៃដីអនុវត្តបានសរុប ១១៧,២៣៥ហិកតា។ ក្នុងនោះប្រមូលផលសរុប ២,៦៤៤ហិកតា ស្មើនឹង២,២៦% នៃផ្ទៃដីអនុវត្តបានសរុប ១១៧,២៣៥ហិកតា បរិមាណផលសរុប ១២,៧៤៣តោន។

លោក អ៊ុក សំណាង បានបន្តថា សម្រាប់ស្រុកកញ្ជ្រៀចមួយចុងឆ្នាំ២០២៣-២០២៤នេះ ប្រជាកសិករទើបតែធ្វើស្រូវរដូវប្រាំងជាលើកដំបូង នៅលើផ្ទៃដី១,៥៤៦ហិកតា។ ចំណែកស្រុកដទៃទៀតរួមមានស្រុកបាភ្នំ ១២,៣២៥ហិកតា, ស្រុកកំចាយមារ ៣,៥០០ហិកតា, ស្រុកកំពង់ត្របែក ១៩,២៧៩ហិកតា, ស្រុកមេសាង ៦,២៤៣ហិកតា, ស្រុកពាមជរ ១៩,៤៧៦ហិកតា, ស្រុកពាមរក៍១២,២០០ហិកតា, ស្រុកពារាំង៩,៤៣០ហិកតា, ស្រុកព្រះស្តេច២១,១០៧ហិកតា, ក្រុងព្រៃវែង ៤,២៩៥ហិកតា, ស្រុកពោធិ៍រៀង១១,២៥៧ហិកតា, ស្រុកសុីធរកណ្តាល២,១៥៧ហិកតា និងស្រុកស្វាយអន្ទរ២៨,៥៥០ហិកតា។

លោកបានបន្ថែមថា ផលិតកម្ម ដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មរដូវប្រាំង(គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤) ដំណាំសាកវប្បកម្ម មានបន្លែគ្រប់មុខ ពោតស ឪឡឹក និងម្ទេសគ្រប់មុខ សម្រេចបានលើផ្ទៃដីសរុប ១,៣១៩ហិកតា ស្មើនឹង១៦៦,៩៦% នៃផែនការ៧៩០ហិកតា។ ប្រមូលផលសរុប២៣០ហិកតា បរិមាណផលសរុប៣ ៤៥០តោន ដំណាំឧស្សាហកម្ម មានពោតក្រហម សណ្ដែកបាយ សណ្ដែកដី ល្ង អំពៅ ដំឡូងមី និងឈូក សម្រេចបានលើផ្ទៃដីសរុប ២,៧១០ហិកតា ស្មើនឹង៥៣,០៩% នៃផែនការ ៥,១០៥ហិកតា។ ប្រមូលផលសរុប ២២ហិកតា បរិមាណផល សរុប៤០តោន៕