(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ក្រោយពីទទួលបានព័ត៌មានពីសន្តិសុខស្ដីពីករណី រក្សាទុក ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ភ្លាមនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះដល់កន្លែងកើតហេតុ ដោយឃាត់ខ្លួនជនសង្ស័យជនជាតិថៃម្នាក់ ឈ្មោះ សូរ៉ាថាន់ អ៊ីនថាឈូត (SORATHON INTACHOT) ភេទប្រុស អាយុ២២ឆ្នាំ ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទគ្រាប់ថ្នាំពណ៌ក្រហម និងពណ៌ផ្កាឈូកចំនួន ១២១គ្រាប់ ស្មើនឹងទម្ងន់១២,៣៦ក្រាម គ្រឿងញៀនប្រភេទម្សៅពណ៌សថ្លាចំនួន៤កូនថង់តូច ស្មើនឹងទម្ងន់ ៣,៩ក្រាម និងថង់សម្រាប់វេចខ្ចប់មួយចំនួន ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់ឱ្យដឹងថា តាមចំឡើយជនសង្ស័យ, កាលពី៦ថ្ងៃមុន រូបគេបានកម្មង់ទិញគ្រឿងញៀនតាមគ្រុប LINE ជាប្រភេទថ្នាំគ្រាប់ ពណ៌លឿងលាយក្រហមចំនួន១៣០គ្រាប់ ក្នុងតម្លៃ ៦៥០០បាត និងថ្នាំប្រភេទម្សៅក្រាមពណ៌សថ្លា៤កូនថង់ ក្នុងតម្លៃ២០០០បាត។

ក្រោយពីរូបគេផ្ញើប្រាក់តាមធនាគារកសិករថៃរួចមក, រូបគេបានទៅយកគ្រឿងញៀនទាំងនោះនៅម្ដុំស្រះស្ទូចត្រី ដែលគេផ្លុងទុកនៅក្បែរគល់ឈើ។ បន្ទាប់មកនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ រូបគេបានយកគ្រឿងញៀនទៅលក់បន្ត ចំនួន៩គ្រាប់ បានតម្លៃ៥០០បាត។ បន្ទាប់មកទៀតនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២ រូបគេបានយកគ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា១កូនថង់ ទៅលក់ក្នុងផ្សាររាត្រីទឹកពុះតាមការកម្មង់ទិញ តែពុំទាន់បានលក់ផងស្រាប់តែសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនតែម្ដង។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ដោយផ្អែកលើចម្លើយ និងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕