(ពោធិ៍សាត់)៖ លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត, លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំឆ្នាំ២០២៣ ជុំវិញការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងឆ្លងសេចក្តីព្រាងផែនការបង្ក្រាបគ្រឿងញៀន ក្នុងខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយបានការចូលរួមពី លោកអនុប្រធានសាលាដំបូងខេត្ត លោកអភិបាលក្រុង/ស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត ក្រុមប្រឹក្សាឃុំ/សង្កាត់ មេប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង៤៩ឃុំ/សង្កាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោកវរៈសេនីយ៍ឯក ហែម មុន្នី ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ទទួលផែនគ្រឿងញៀន បានជម្រាបជូនថា ក្នុងឆ្នាំ២០២៣ យើងបានចុះផ្សព្វផ្សាយ បានចំនួន១៩០លើក ស្ដីពីផលប៉ះពាល់ក្នុងការប្រើប្រាស់គ្រឿងញៀន តាមរយៈព្រះពុទ្ធសាសនា និងតាមភោជនីយដ្ឋាន ដែលមានអ្នកចូលរួម សរុប៥០,៩៩២នាក់ ស្រី២៨, ២៤៧នាក់។ ជាមួយគ្នានោះ យើងបានចុះចែកខិតប័ណ្ណ ស្ដីពីផលប៉ះពាល់ ការប្រើប្រាស់បារីអេឡិចត្រូនិច ក្នុងពិធីបុណ្យអុំទូក បានចំនួន២៥៥១សន្លឹក។ អប់រំមុខសញ្ញាធ្លាប់ប្រើប្រាស់គ្រឿងញៀន បានចំនួន២១១នាក់ ស្រី០៣នាក់។ ចុះបង្ក្រាបបាន២០៧ករណី ឃាត់ខ្លួនជនសង្ស័យ បានចំនួន៣៨៦នាក់ ស្រី៣២នាក់។ ដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន បានចំនួន៥៥៣កញ្ចប់ ទម្ងន់៦៧៩.០២ក្រាម សម្ភារៈ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១៨គ្រឿង ម៉ូតូ៥៤គ្រឿង ទូរស័ព្ទ១៧៦គ្រឿង កាំភ្លើងខ្យល់១៨ដើម កាំបិត០៧ដើម ដាវ០៧ដើម ឧបករណ៍ឆក់ត្រី០៦គ្រឿង លុយខ្មែរចំនួន១.៣០៧.៣០០រៀល ព្រមទាំងសម្ភារៈសម្រាប់ជក់ និងសម្រាប់វេចខ្ចប់គ្រឿងញៀនជាច្រើនទៀត។

លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ឲ្យដឹងថា លទ្ធផលនៃកិច្ចប្រតិបត្តិការ បង្ក្រាបទីតាំងកែច្នៃផលិតគ្រឿងញៀនកន្លងមក សមត្ថកិច្ចបានរកឃើញ និងរឹបអូសសារធាតុគីមីផ្សំខុសច្បាប់ជាច្រើនរយតោន ក្នុងនោះសារធាតុគីមីផ្សំមួយចំនួន មានបញ្ញត្តិក្នុងច្បាប់ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងសារធាតុគីមីផ្សំថ្មីមួយចំនួនទៀត មិនមានបញ្ញត្តិក្នុងច្បាប់ ដែលត្រូវបានពួកឧក្រិដ្ឋជនគ្រឿងញៀនប្រើប្រាស់ ក្នុងការកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា។ ដូច្នេះហើយទើបអាជ្ញាធររាជធានីខេត្ត បានបង្កើនការត្រួតពិនិត្យលើការនាំចូល ការនាំចេញ ការដឹកជញ្ជូន ការចែកចាយ ការប្រើប្រាស់ និងសន្និធិយ៉ាងតឹងរឹងបំផុត។

លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត មានប្រសាសន៍ថា គ្រឿងញៀនគឺជាបញ្ហាមួយដ៏ក្ដៅគគុក ដែលរាជរដ្ឋាភិបាលបានផ្ដោតសំខាន់ខ្លាំង ក្នុងការបង្ក្រាបឲ្យខាងតែបាន ព្រោះវាធ្វើឲ្យយុវវ័យឆ្គួតវង្វេង បោះបង់ការសិក្សា លែងស្គាល់ឪពុកម្ដាយ ខូចអនាគត និងធ្វើឲ្យប្រទេសជាតិបាត់បង់នូវធនធានមនុស្ស។ ការងារគ្រឿងញៀន គឺជាការងាររួមសម្រាប់យើងទាំងអស់គ្នា មិនមែនសម្រាប់អង្គភាពណាមួយនោះទេ។ បើគ្មានការចូលរួមពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបី ប្រជាការពារ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទេ គឺមិនទទួលបានជោគជ័យនោះទេ។ ដូច្នេះយើងទាំងអស់គ្នាត្រូវក្ដាប់ឲ្យបាននូវមុខសញ្ញាប្រើប្រាស់ មុខសញ្ញាចែកចាយ និងទីតាំងផលិតឲ្យបានច្បាស់លាស់ ដើម្បីអនាគតកូនចៅនិងប្រទេសជាតិយើង។

ក្នុងឱកាសនោះ លោក ពៅ ពិសិដ្ឋ ក៏បានដាក់ចេញនូវផែនការសកម្មភាព សម្រាប់អនុវត្តក្នុងឆ្នាំ២០២៤នេះ ដើម្បីឱ្យមានស័ក្ខសិទ្ធភាព ក្នុងការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ របស់រាជរដ្ឋាភិបាល រួមមាន៖ វិធានការអប់រំ វិធានការរដ្ឋបាល វិធានការអនុវត្តច្បាប់ វិធានការព្យាបាល ស្តានីតិសម្បទា និងសមហរណកម្ម និងវិធានការកិច្ចសហប្រតិបត្តិការអន្តរជាតិ៕