(សៀមរាប)៖ ទោះបីគ្មានរថយន្តទំនើប ឬមធ្យោបាយល្អដូចគេ តែឪពុករបស់យុវតី ប៉ុល សុវណ្ណដា បានខិតខំតស៊ូឌុបកូនស្រីតាំងពីខេត្តស្វាយរៀងមកដល់ខេត្តសៀមរាប ដើម្បីមកចូលរួមប្រកួតសរសេរតាមអានអក្សរខ្មែរក្នុងកម្មវិធីសំណេរអង្គរ ដែលធ្វើឱ្យគណៈកម្មការ សាធារណជនគ្រប់គ្នាផ្ទុះការចាប់អារម្មណ៍ខ្លាំងចំពោះការតស៊ូពីរនាក់ឪពុកកូននេះ។

សុវណ្ណដា ក៏ទទួលបានជ័យលាភីក្នុងចំណោមជ័យលាភី២៥រូបដែរ។ យុវតីរូបនេះគឺជានិស្សិតជំនាញអក្សរសាស្ត្រខ្មែរ និងអក្សរសាស្ត្រអង់គ្លេសមួយរូប ដែលមានទឹកចិត្តគាំទ្រកម្មវិធីសំណេរអង្គរនេះ ដូច្នេះហើយទើបរូបគេនិងឪពុកខិតខំពុះពារធ្វើដំណើរតាមម៉ូតូ ដើម្បីចូលរួមប្រកួតឱ្យទាល់តែបាន។

យុវតីរូបនេះក៏បានផ្ដាំផ្ញើដល់យុវជន/យុវតីដទៃសូមយកចិត្តទុកចំពោះអក្សរសាស្ត្រជាតិខ្មែរ អានឱ្យបានច្រើន និងត្រូវមានភាពក្លាហានចូលរួមប្រកួតក្នុងកម្មវិធីនាពេលក្រោយៗទៀត។ ក្នុងទស្សនៈរបស់ សុវណ្ណដា ជ័យលាភីនិងពានរង្វាន់គឺជាកិត្តិយសសំខាន់មែន តែការចូលរួមដើម្បីលើកស្ទួយអក្សរសាស្ត្រជាតិ ទើបជាចំណុចសំខាន់បំផុត។

គួរជម្រាបថា ក្រោមគំនិតផ្ដួចផ្ដួចរបស់លោក លីម ប៊ុនហុក និងមិត្តភក្តិមួយចំនួនទៀត ក៏បានធ្វើឱ្យកម្មវិធីសំណេរអង្គរប្រព្រឹត្តទៅជោគជ័យជាលើកដំបូង និងមានគម្រោងរៀបចំនាឆ្នាំក្រោយៗទៀតដែរ ដើម្បីបំផុសស្មារតីចូលរួមលើកកម្ពស់អក្សរសាស្ត្រ វប្បធម៌ និងការយល់ដឹងជូនដល់ប្រជាពលរដ្ឋ យុវជន សិស្ស និស្សិតកម្ពុជាឱ្យកាន់តែផុសផុលថែមទៀត៕