(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសាកលវិទ្យាល័យឯកទេស នៃកម្ពុជា (CUS) ទីតាំងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានដឹកនាំនិស្សិតចំនួន ១២៣នាក់ ធ្វើទស្សនកិច្ចសិក្សា នៅវិមានព្រឹទ្ធសភា ដើម្បីស្វែងយល់អំពីបន្ថែម ព្រមទាំងផ្សារភ្ជាប់រវាងទ្រីស្តី និងបទពិសោធជាក់ស្តែង។

ក្នុងឱកាសនោះ លោកបណ្ឌិត កែវ ជា តំណាង សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា លើកឡើងពីប្រវត្តិសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា មានឈ្មោះដើមថា វិទ្យាស្ថាន ឯកទេស នៃកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០២ និងបានពង្រឹង និងពង្រីកខ្លួនទៅជាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជានៅឆ្នាំ២០០៤។

ដោយទទួលបានភាពជោគជ័យដ៏ត្រចះត្រ ង់នៃការកសាងមូលធនមនុស្សជាង២០ឆ្នាំមកនេះ បច្ចុប្បន្នសាកលវិទ្យាល័យ មាន០២ទីតាំង នៅរាជធានីភ្នំពេញនិងមានសាខាចំនួន៦ ស្ថិតនៅទីរួមខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងទីរួមខេត្តកំពត ដែលមានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ ចំនួន ១,១៨៦នាក់ (នារី ១៧៧នាក់)បាននឹងកំពុងធ្វើការបណ្តុះបណ្តាលនៅក្នុងមហាវិទ្យាល័យចំនួន៥ គឺ១៖ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ២៖ មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងនីតិសាស្ត្រ ៣៖ មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្ត្រ និងភាសា ៤៖ មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ៥៖ មហាវិទ្យាល័យវិស្វកម្ម ។

សាកលវិទ្យាល័យ មានការបណ្តុះបណ្តាលចាប់ពីថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត មាននិស្សិតកំពុងសិក្សាសរុបចំនួន ៤០ ៤៥៨ អង្គនាក់ ព្រមទាំងមានជ័យលាភីដែលត្រូវទទួលសញ្ញាបត្របញ្ចប់ការសិក្សាមានចំនួន ១០លើករួចហើយ។ បើគិតពី២០០៣-២០០៤ ដល់ឆ្នាំសិក្សា២០២២-២០២៣ និស្សិតគ្រប់កម្រិត បានបញ្ចប់ការសិក្សាដោយជោគជ័យពីសាកលវិទ្យាល័យឯកទេសនៃកម្ពុជា សរុបចំនួន ៥០,៣៤៦នាក់ (នារី ១៦,៧៥៨នាក់ ស្មើ៣៣,២៨% )។ ទន្ទឹមនឹងនេះ មាននិស្សិតកំពុងសិក្សាគ្រប់កម្រិត គ្រប់ទីតាំង និងសាខាសរុបចំនួន ១១,៧៤៧ នាក់ (នារី៥,៧៨៨នាក់ស្មើ៤៩.២៧%)  និងបានរួមចំណែកយ៉ាងសកម្មជាមួយសាកលវិទ្យាល័យក្នុងការចូលរួមសកម្មភាពសង្គមផ្សេងៗផងដែរ រួមមានសកម្មភាពយុវជនរបស់ស.ស.យ.ក សកម្មភាពយុវជនកាយឫទ្ធិកម្ពុជា និងសកម្មភាពយុវជនកាកបាទក្រហមកម្ពុជា។

លោកបណ្ឌិតបានបន្តថា ដើម្បីពង្រឹងជំនាញ បណ្តុះគំនិតសហគ្រិន ភាពដល់និស្សិត សាកលវិទ្យាល័យ តែងបានអញ្ជើញអ្នកជំនាញតាមវិស័យការងារដែលមានបទពិសោធន៍ច្រើនមកធ្វើបាឋកថា សន្និសីទ សិក្ខាសាលា ជូនដល់និស្សិតជាប្រចាំ និងក៏បានបញ្ជូននិសិ្សត ចុះកម្មសិក្សាដល់ការដ្ឋានការងារជាក់ស្តែង តាមកម្មវីធីជាក់លាក់។  សាកលវិទ្យាល័យ បានធ្វើកិច្ចសហប្រតិបត្តិការ និងបានចុះ អនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យ និងស្ថាប័នបរទេស ចំនួន៥៦ មកពីកូរ៉េខាងត្បូង ចិន ជប៉ុន ថៃឡង់ អង់គ្លេស ហ្វីលីពីន បង់ក្លាដេស ម៉ាឡេស៊ី ឥណ្ឌា ឥណ្ឌូនេស៊ី អាឡឺម៉ង់ វៀតណាម និងអ៉ីស្រាអែលជាដើម ព្រមទាំងបានចូលរួមវេទិកា និងសន្និសីទធំៗទាំងនៅក្នុងតំបន់ និងអន្តរជាតិ។

ដោយឡែកដើម្បីជួយនិស្សិតងាយស្រួល រក កន្លែងហាត់ការ ធ្វើកម្មសិក្សាការងារស្ម័គ្រចិត្ត និងរកការងារធ្វើសាកលវិទ្យាល័យបានចុះអនុស្សរណៈយោគយល់ជាមួយបណ្តាក្រុមហ៊ុន និងស្ថាប័ននានាក្នុងស្រុកចំនួន៥៤៣ នៅទូទាំងប្រទេស ហើយនឹងបន្តជំរុញឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។ តាមគម្រោងអភិវឌ្ឍន៍ នៅទីតាំងគោលរាជធានីភ្នំពេញនឹងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹងមាំយូរ អង្វែង របស់ខ្លួនព្រមទាំងការអភិវឌ្ឍផ្សេងៗទៀតលើផ្ទៃដីដែលបានបម្រុងទុកជាង១០ហិកតា នៅក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ និង២៥ហិកតាទៀត ស្ថិតនៅសង្កាត់ឪឡោក ខណ្ឌកំបូល ឱ្យបានមុនឆ្នាំ២០២៧ នាខួប២៥ឆ្នាំ រីឯសាខាដទៃទៀតក៏នឹងអភិវឌ្ឍន៍បន្ថែមជាបន្តបន្ទាប់នៅលើផ្ទៃដីដែលបានបម្រុងទុករួចហើយ។   

សមិទ្ធផលជាផ្លែផ្កានិងជោគជ័យទាំងអស់របស់សាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា គឺបានមកពីការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងខ្ពស់ជាប្រចាំរបស់ក្រុមប្រឹក្សា ភិបាលគណៈគ្រប់គ្រង បុគ្គលិក និងសាស្រ្តាចារ្យទាំងអស់ ក្នុងការកសាងអភិវឌ្ឍន៍លើកកម្ពស់គុណភាពអប់រំ ឱ្យកាន់តែប្រសើរឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃជាពិសេសគឺបានមកពីកត្តាប្រទេសជាតិមានសុខសន្តិភាព និងគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។

ដើម្បីធ្វើឱ្យសម្រេចនូវចក្ខុវិស័យរបស់ខ្លួនជាគ្រឹះស្ថានបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាព គុណតម្លៃ បញ្ញាច្នៃប្រឌិតខ្ពស់ និងស្របតាមទិសដៅដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ សាកលវិទ្យាល័យ ប្ដេជ្ញាពង្រឹង និងពង្រីកការបណ្ដុះបណ្ដាលឯកទេសខាងវិទ្យាសាស្ត្រ បច្ចេកវិទ្យានវានុវត្តន៍ ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀតឆ្លើយតបការវិវត្តន៍ប្រែប្រួលក្នុងដំណាក់កាលនៃបដិវត្តន៍ ឧស្សាហកម្ម៤.០ នៃដំណាក់កាលសេដ្ឋកិច្ចសង្គមឌីជីថល៕