(តាកែវ)៖ លោកស្រីបណ្ឌិត កុយ ពិសី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អនុប្រធានក្រុមការងារចុះជួយស្រុកគីរីវង្ស និងជាប្រធានក្រុមការងារចុះជួយឃុំព្រៃអំពក បានជម្រុញឱ្យវត្តឧកញ៉ារតនារាម ហៅវត្ត «ទ្រមូង» បន្ដខិតខំថែរក្សា និងរៀបចំវត្តឱ្យមានសណ្ដាប់ធ្នាប់ល្អ ដើម្បីក្លាយទៅជាវត្តទេសចរណ៍សាសនាគំរូ និងជាកន្លែងបណ្តុះចំណេះដឹងដល់ពលរដ្ឋនៅក្នុងឃុំព្រៃអំពក។
ការជំរុញបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសដែល លោកស្រីបណ្ឌិត កុយ ពិសី អញ្ជើញសម្ពោធសមិទ្ធផលនានាក្នុងវត្តឧកញ៉ារតនារាម ហៅវត្ត «ទ្រមូង» នៅឃុំព្រៃអំពក ស្រុកគីរីវង្ស ខេត្តតាកែវ។ ក្នុងថ្ងៃតែមួយនោះ លោកស្រីបណ្ឌិតបានចូលរួមកម្មវិធីបី គឺពិធីសម្ពោធដងទង់កម្ពស់ ២៧ម៉ែត្រ ពិធីស្រោចស្រពសុគន្ធវារីព្រះចៅអធិការវត្ត និងព្រះគ្រូសូត្រស្ដាំ និងការប្រគេនប្រកាសតែងតាំងដល់ព្រះចៅអធិការ និងព្រះគ្រូសូត្រស្តាំនៅវត្តទ្រមូង។ ក្នុងឱកាសនោះដែរ លោកស្រីបណ្ឌិតបាននាំយកទង់ធ្វើដោយផ្ទាល់ដៃ, ថ្នាំពេទ្យ និងថវិកាមួយចំនួនប្រគេនបច្ច័យបួនក្នុងវត្តឧកញ៉ារតនារាមផងដែរ។
លោកស្រីបណ្ឌិត កុយ ពិសី ក៏បានសំណូមពរទៅព្រះចៅអធិការវត្តទាំង៣ នៅឃុំព្រៃអំពក សុំឱ្យយកចិត្តទុកដាក់ និងបង្កើតកម្មវិធីសិក្សានៅក្នុងវត្ត ដើម្បីឲ្យពលរដ្ឋ និងសិស្សានុសិស្សបានចូលទៅថ្វាយបង្គំ ស្តាប់ពុទ្ធឱវាទព្រះសង្ឃក្នុងវត្ត យ៉ាងតិចបានពីរសប្តាហ៍មួយដង ដើម្បីពង្រីកចំណេះដឹង និងចេះមេត្តា ករុណា មុទិតា ដើម្បីកាត់បន្ថយបានខ្លះនូវរឿងអមង្គលមួយចំនួនក្នុងគ្រួសារ និងសង្គមជាតិ។ ក្នុងឱកាសនោះដែរ ក្នុងនាមលោកស្រីបណ្ឌិត ជាប្រធានគណៈកម្មាធិការស្ត្រី និងកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជំរុញឲ្យទាំងសិស្សស្រី និងសិស្សប្រុស រួមនឹងពលរដ្ឋចូលរួមលេងកីឡាឲ្យបានច្រើន ដើម្បីមានសុខភាពល្អ មនុស្សម្នាក់កីឡា១មុខ និងសូមមានសេចក្តីក្លាហានចូលរួមប្រកួតប្រជែងនៅក្នុងកម្រិតជាតិ និងអន្តរជាតិ ដើម្បីយកពានរង្វាន់សម្រាប់ខ្លួនឯង និងសម្រាប់ឃុំ។
លោកស្រីបណ្ឌិត ក៏បានសំណូមពរឲ្យវត្ត បន្ដខិតខំថែរក្សា និងរៀបចំវត្តឱ្យមានសណ្ដាប់ធ្នាប់ល្អ មានអនាម័យ គ្មានសម្រាម ដើម្បីក្លាយទៅជាវត្តទេសចរណ៍សាសនាគម្រូ នៅក្នុងឃុំព្រៃអំពក និងសូមឲ្យវត្តបន្តប្រកាន់ភ្ជាប់សំណង់ចេតិយក្ដី សំណង់ផ្សេងៗដែលមាននៅក្នុងវត្ដអារាម សូមខិតខំថែរក្សាឱ្យជារចនាបទខ្មែរ ដើម្បីថែរក្សាវប្បធម៌ ប្រពៃណី ក្បាច់ក្បូរខ្មែរ ឲ្យបានគង់វង្ស ដើម្បីទុកឲ្សអ្នកជំនាន់ក្រោយបានស្គាល់ និងចូលសិក្សារៀនសូត្រ។
ក្នុងឪកាសនោះដែរ ដោយលោកស្រីបណ្ឌិត កុយ ពិសី ត្រូវបានការចាត់តាំងឲ្យទៅកាន់ការងារនៅខេត្តកំពង់ធំ លោកស្រីបណ្ឌិតបានឆ្លៀតជួបសំណេះសំណាល និងជម្រាបលា ផ្តាំផ្ញើទៅកាន់ថ្នាក់ដឹកនាំតំណាងខេត្ត ស្រុក ក្រុមប្រឹក្សាឃុំ ប្រធានភូមិ អនុភូមិ និងសមាជិកជនបង្គោលក្នុងឃុំ សូមបន្តធ្វើអំពើល្អ និងសូមមើលថែទាំប្រជាពលរដ្ឋឲ្យបានល្អ សូមស្រឡាញ់ប្រជាពលរដ្ឋឲ្យដូចជាគ្រួសារសាច់ញាតិរបស់ខ្លួន កុំរើសអើងគណបក្សនយោបាយ បម្រើពលរដ្ឋស្មើៗគ្នានិងសូមអនុវត្តឲ្យបានភូមិឃុំមានសុវត្ថិភាព ដើម្បីសុខដុមនីកម្មនៅក្នុងឃុំ និងប្រទេសជាតិយើងឲ្យកាន់តែប្រសើររុងរឿងទៅមុខ៕