(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គអប់រំនយោបាយ របស់គណបក្សខេត្ត លើកទី២ ជូនដល់សមាជិកគណបក្សប្រជាជនកម្ពុជា តាមបណ្តាសាខាគណបក្សអង្គភាពជុំវិញខេត្ត ចំនួន ៧០ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីបានដំណើរការសិក្សាអស់រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០១៦ នៅស្នាក់ការគណបក្សប្រជាជនខេត្តពោធិ៍សាត់។
លោក ម៉ៅ ធនិន បានថ្លែងថា សភាពការណ៍ពិត និងសមិទ្ធផលធំៗ ដែលរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបាន ពិសេសគឺកត្តាសន្តិភាព ឯកភាពទឹកដី និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាកាល សម្តេចតែងតែតំកល់ប្រយោជន៍រាស្ត្រជាធំ។
លោកបានឲ្យដឹងថា វគ្គបំប៉ននេះ គឺជាទុនដ៏វិសេសវិសាល ដែលអាចឲ្យយុវជនយើងយល់ដឹងពីវិធីសាស្ត្រថ្មី ទាក់ទងជាមួយការឃោសនា វិធីសាស្ត្រការពារគណបក្ស រក្សាសមាជិកបក្ស ការកសាងបណ្តាញ និងកម្មវិធីមនុស្សធម៌នានា ជាពិសេសចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងនាមជាជនសកម្ម ធ្វើយ៉ាងណាបំផុសបំផុលផ្តោតការយកចិត្តទុកដាក់ លើការចុះឈ្មោះបោះឆ្នោតនាពេលខាងមុខ ព្រោះនេះជាការចុះឈ្មោះបោះឆ្នោតសារដើម។
លោកបានបន្ថែមទៀតថា វគ្គអប់រំនេះ គឺដើម្បីត្រៀមកម្លាំងជាមុន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ និងការបោះឆ្នោតតំណាងរាស្ត្រ អាណត្តិទី៦។
គួរបញ្ជាក់ថា វគ្គបំប៉នដែលសិក្សារយៈពេល៣ថ្ងៃ តាមរយៈការសម្របសម្រួលពីគ្រូឧទ្ទេសនាមដែលមានបទពិសោធន៍ជាច្រើននាក់ ហើយត្រូវបានបញ្ចប់នាពេលនេះ គឺផ្តោតទៅលើមេរៀនសំខាន់ចំនួន៥គឺ៖ ១-គណបក្សប្រជាជនកម្ពុជា និងប្រវត្តិ សកម្មភាព ស្នាដៃ និងបទពិសោធន៍ នៃការដឹកនាំ របស់គណបក្ស ២-គោលការគ្រឹះ នៃកម្មវិធីនយោបាយរបស់គណបក្ស ៣-ការងារយល់ដឹងមួយចំនួន អំពីលក្ខណន្តិកៈ គណបក្សប្រជាជនកម្ពុជា ៤-សភាពការណ៍កម្ពុជា និងបណ្តាភារកិច្ចចំពោះមុខ និង៥-ការកសាងអត្តចរិក សីលធម៌ល្អ ប្រពៃរបស់មន្ត្រីគណបក្ស៕