(សៀមរាប)៖ ពលរដ្ឋមួយចំនួនសុទ្ធតែបានជូនកូនៗ បងប្អូន មិត្តភក្តិ និងកូនសិស្សរបស់ខ្លួនមកចូលរួមប្រកួតសរសេរតាមអានអក្សរខ្មែរ នាកម្មវិធីសំណេរអង្គរ នៅមុខប្រាសាទអង្គរវត្ត លើទឹកដីខេត្តសៀមរាប ក្នុងនោះក៏មានពលរដ្ឋមកពីខេត្តកំពង់ចាមផងដែរ ដែលបានជូនកូនមកចូលរួមប្រកួតនឹងគេ ព្រោះចង់លើកទឹកចិត្តកូនៗឱ្យស្រឡាញ់អក្សរជាតិកាន់តែខ្លាំងឡើង។

ការបង្កើតកម្មវិធីសំណេរអង្គរនេះពិតជាធ្វើឱ្យពលរដ្ឋគ្រប់គ្នាសប្បាយរីករាយមែនទែន អ្នកខ្លះក៏បានចូលរួមប្រកួត អ្នកខ្លះក៏បានជូនកូនមកប្រកួតនឹងគេ និងអង្គុយលើកទឹកចិត្តកូននៅក្រោមដើមពោធិ៍ ក្បែរទីតាំងប្រកួតនោះ តួយ៉ាងដូចជាពលរដ្ឋម្នាក់ជាម្ដាយដែលមកពីខេត្តកំពង់ចាមនេះជាដើម។

ពលរដ្ឋដដែលបានបង្ហាញការយល់ឃើញថា អក្សរសាស្ត្រជាតិ គឺអត្តសញ្ញាណដ៏សំខាន់សម្រាប់ជាតិខ្មែរ ដូច្នេះឪពុកម្ដាយ អាណាព្យាបាលគួរយកចិត្តទុកចំពោះចំណុចនេះ ព្រោះកូនជំនាន់ក្រោយជាក្ដីសង្ឃឹមសម្រាប់ការបន្តថែរក្សាអក្សរជាតិយើង?៕