(សៀមរាប)៖ ដោយទឹកចិត្តស្រឡាញ់អក្សរសាស្ត្រខ្មែរ វប្បធម៌ខ្មែរ និងស្រណោះកេរដំណែលដូនតាដែលបានបន្សល់ទុកអក្សរ និងអ្វីៗបន្តដល់កូនចៅជំនាន់ក្រោយនេះ យុវតីអ្នកខេត្តសៀមរាប២រូប គឺ សាន សាណា និង លន់ នីតី ស្ម័គ្រចិត្តចូលរួមកម្មវិធីប្រកួតសរសេរតាមអានអក្សរសាស្ត្រជាតិឱ្យបានគ្រប់កម្មវិធីក្រោយទៀត។

គួរជម្រាបថា កម្មវិធីសំណេរអង្គរនេះដែរត្រូវបានប្រារព្ធឡើងនាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នាមុខប្រាសាទអង្គរវត្ត ដែលមានសមណសិស្ស បេក្ខជន បេក្ខនារីចូលរួមប្រកួតប្រមាណជាង៧០០អង្គ/នាក់។

ទោះបីមានការភ័យព្រួយបន្តិច ប៉ុន្តែ សាន សាណា និង លន់ នីតី នៅតែប្រឹងជម្នះបំពេញកិច្ចការប្រឡងរបស់ខ្លួនរហូតដល់ចប់។ យុវទាំងពីររូបមិនចង់ជាប់ជ័យលាភីតែមួយមុខនោះទេ ប៉ុន្តែគឺចង់ចូលរួមក្នុងកម្មវិធីសរសេរតាមអានថ្នាក់ជាតិនេះដោយសុទ្ធចិត្ត ពីព្រោះកម្មវិធីនេះគឺបានបង្ហាញនូវការលើកស្ទួយអក្សរសាស្ត្រ វប្បធម៌ជាតិទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបរទេស ពិសេសបង្ហាញពីការបន្តថែរក្សាអក្សរ វប្បធម៌ ដែលជាកេរដំណែលមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរជំនាន់មុនៗ។

បើតាមលោក លីម ប៊ុនហុក អ្នកផ្ដួចផ្ដើមកម្មវិធីសំណេរអង្គរ កម្មវិធីសរសេរតាមអាននេះនឹងប្រារព្ធធ្វើនាពេលក្រោយៗទៀត ដើម្បីបន្តបំផុសស្មារតីស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះអក្សរសាស្ត្រជាតិ ក៏ដូចជាលើកកម្ពស់ការសរសេរអក្សរខ្មែរឱ្យបានត្រឹមត្រូវឡើងវិញផងដែរ៕