(ឧត្តរមានជ័យ)៖ លោក គន់ គីម សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល ចុះជួយខេត្តឧត្តរមានជ័យ បានជំរុញឲ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងខេត្តឧត្តរមានជ័យ ទាំងអស់ យកចិត្តទុកដាក់ឲ្យខ្ពស់ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយត្រូវដោះស្រាយឲ្យបានទាន់ពេលវេលានូវបញ្ហា ដែលជាកង្វល់របស់ប្រជាពលរដ្ឋ។

ការជំរុញរបស់លោក គន់ គីម បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងារគណបក្សប្រជាជនកម្ពុជា ខេត្តឧត្តរមានជ័យ ប្រចាំខែសីហា និងលើកទិសដៅការងារថ្មី សម្រាប់ខែកញ្ញា ដែលបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦នេះ។

ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ បានលើកបង្ហាញនូវការងារមួយចំនួន ដែលបានសម្រេចនៅក្នុងខែសីហា ព្រមទាំងបានលើកឡើងនូវបញ្ហាមួយចំនួន ដែលត្រូវយកចិត្តដោះស្រាយផងដែរ។

ក្រោយស្តាប់នូវរបាយការណ៍បូកសរុបការងារ លោក គន់ គីម បានគូសបញ្ជាក់ប្រាប់សមាជិក សមាជិកា គណៈពង្រឹងការងារក្នុងខេត្តឧត្តរមានជ័យទាំងអស់ថា ការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ គឺជាបញ្ហាអាទិភាព ដែលសមាជិកទាំងអស់ត្រូវយកចិត្តទុកដាក់ និងដោះស្រាយឲ្យបានទាន់ពេលវេលា។

លោក គន់ គីម បានបញ្ជាក់ដូច្នេះ «យើងត្រូវគិតថា យើងជាអ្នកបម្រើប្រជាពលរដ្ឋ។ ដូច្នេះរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋយើង ត្រូវដោះស្រាយជូនគាត់ មិនត្រូវទុកបញ្ហាឲ្យក្លាយជាការថ្នាំងថ្នាក់ និងបង្កើតជាបញ្ហាសតិអារម្មណ៍មិនល្អមកលើរាជរដ្ឋាភិបាល និងគណបក្សនោះឡើយ»

ក្រៅពីជំរុញឲ្យយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាពលរដ្ឋហើយនោះ លោក គន់ គីម ក៏ជំរុញឲ្យសមាជិកទាំងអស់បង្កើនសាមគ្គីភាពផ្ទៃក្នុង ឲ្យកាន់តែរឹងមាំថែមទៀត។ លោក គន់ គីម ក៏បានចាត់ចែងគណៈពង្រឹងទាំងអស់ឲ្យចុះអប់រំ និងពន្យល់ប្រជាពលរដ្ឋឲ្យទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ ដើម្បីមានសិទ្ធិចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០១៧ ក៏ដូចបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ ២០១៨៕