(កំពង់ធំ)៖ ដោយទទួលបានការណែនាំរបស់លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ក្រុមមន្រ្តីបច្ចេកទេសរបស់អាជ្ញាធរទន្លេសាប ដឹកនាំដោយលោក ហ៊ែល តូនី អនុប្រធានក្តាប់រួម និងលោក សរ គឹមសាន្ត អគ្គលេខាធិការ អាជ្ញាធរទន្លេសាប បានចុះពិនិត្យអធិការកិច្ចលើទីតាំង ដែលបានឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹកនៅក្នុងតំបន់៣ ស្ថិតក្នុងភូមិសាស្រ្តតំបន់ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ពេលចុះពិនិត្យជាក់ស្តែងនោះ ថ្នាក់ដឹកនាំ និងក្រុមមន្រ្តីបច្ចេកទេសរបស់អាជ្ញាធរទន្លេសាប ដោយមានកិច្ចសហការជាមួយថ្នាក់ដឹកនាំអាជ្ញាធរខេត្ត និងមន្រ្តីអាជ្ញាធរមូលដ្ឋានស្រុកឃុំពាក់ព័ន្ធ បានពិនិត្យឃើញថា ផ្ទៃដីស្ថិតក្នុងតំបន់៣ ត្រូវបានក្រុមឈ្មួញឃុបឃិតគ្នា ធ្វើការឈូសឆាយ ដើម្បីពង្រីកផ្ទៃដីស្រែប្រាំង ឬស្រូវប្រដេញទឹកបន្ថែមទៀត បើទោះបីតំបន់នេះត្រូវបានរាជរដ្ឋាភិបាល បានធ្វើការកាត់ឆ្វៀលជូនកន្លងមកក៏ដោយ។

សូមបញ្ជាក់ថា ទីតាំងតំបន់ដីវាលក្រោមស្ថិតក្នុងភូមិសាស្រ្ត ខេត្តកំពង់ធំ កាលពីឆ្នាំ២០២២ រាជរដ្ឋាភិបាល បានធ្វើការកាត់ឆ្វៀលផ្ទៃដីពីតបន់៣ មកតំបន់២ ទំហំ ៣៤១៥៩ហិកតា ៧០អា ស្មើ៨៦៦១គ្រួសារ សម្រាប់អាស្រ័យផល និងកាត់ពីតំបន់២ មកតំបន់១ ទំហំ ១៧ ៣៣៩ហិកតា ៥៦អា ស្មើ ១០ ៨០៣ គ្រួសារ សម្រាប់លំនៅដ្ឋាន។

បន្ទាប់ពីចុះពិនិត្យជាក់ស្តែងលើទំហំផ្ទៃដី ដែលទទួលរងការឈូសឆាយទន្ទ្រានរួចមក ថ្នាក់ដឹកនាំ និងក្រុមមន្រ្តីបច្ចេកទេសរបស់អាជ្ញាធរទន្លេសាប បានរៀបចំកំណត់ហេតុ និងបានឲ្យអាជ្ញាធរខេត្ត ស្រុក និងឃុំពាក់ព័ន្ធទីតាំងទន្រ្ទាននេះ ទទួលស្គាល់ និងសន្យាការពារមិនឲ្យមានការដាំដុះនៅលើដីដែលបានទន្រ្ទាននេះឡើយ បើពុំនោះនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ហើយក៏ត្រូវបន្តសកម្មភាពស្វែងរកបុគ្គលឈ្មួញ ដែលបានប្រព្រឹត្ត យកមកដោះស្រាយតាមនីតិវិធីច្បាប់។

ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំអាជ្ញាធរទន្លេសាប ក៏បានណែនាំឲ្យម​ន្រ្តីទាំងអស់ ត្រូវបន្តកិច្ចសហការ និងអនុវត្តតាមស្មារតីនៃតួនាទី និងការទទួលខុសត្រូវដូចបានកំណត់ក្នុងអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១។

សូមបញ្ជាក់ថា អាជ្ញាធរទន្លេសាប គឺជាស្ថាប័នមួយដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល ក្នុងអាណត្តិការងារសម្របសម្រួលក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទន្លេសាប។ ដោយឡែកក្នុងស្មារតីខ្លឹមសារមាត្រា៤ អនុក្រឹត្យលេខ ១៩៧ អនក្រ.បក បានចែងថា អាជ្ញាធរទន្លេសាបមានភារកិច្ចធ្វើអធិការកិច្ចលើសកម្មភាពដែនព្រៃលិច និងព្រៃលិចទឹក រួចធ្វើរបាយការណ៍ជូននាយករដ្ឋមន្ត្រី ដើម្បីមានវិធានការសម្រេច៕