(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ឌីម៉េទ្រី ម៉េដវេដេវ ប្រធានគណបក្សរុស្ស៉ីរួបរួម បានឯកភាពរួមគ្នាប្រឆាំងរាល់ទម្រង់នយោបាយជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងនៃប្រទេសទាំងពីរ។
ការឯកភាពគ្នាប្រឆាំងរាល់ទម្រង់នយោបាយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនេះ បានធ្វើឡើងក្នុងជំនួបតាមប្រព័ន្ធវីដេអូរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ឌីម៉េទ្រី ម៉េដវេដេវ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ។
យោងតាមការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងជំនួបនោះមេដឹកនាំនៃគណបក្សទាំងពីរ បានបង្ហាញពីការមើលឃើញច្បាស់អំពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីប្រយុទ្ធប្រឆាំងនឹងបដិវត្តន៍ពណ៌ ដែលនេះគឺជាចំណុចមួយត្រូវរួមគ្នាគិត។
មេដឹកនាំទាំងពីរយល់ឃើញថា ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង គឺជាចំណុចមួយនៃការគំរាមកំហែងដល់សន្តិសុខជាតិរៀងៗខ្លួន ដូច្នេះប្រទេសទាំងពីរត្រូវរួបរួមគ្នាធ្វើយ៉ាងណា កុំឱ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗ ហើយជួយមើលគ្នា និងចែករំលែកបទពិសោធន៍តាមភាពចាំបាច់៕