(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា និងលោក ឌីម៉េទ្រី ម៉េដវេដេវ ប្រធាន​គណបក្សរុស្ស៉ីរួបរួម បានឯកភាពរួមគ្នាពង្រឹងប្រព័ន្ធពហុភាគីនិយម ដែលជាធាតុដ៏សំខាន់ក្នុងការ​ពង្រឹងប្រព័ន្ធច្បាប់អន្តរជាតិ និងរក្សាបានសណ្តាប់ធ្នាប់ពិភពលោក។

ការឯកភាពក្នុងការពង្រឹងប្រព័ន្ធពហុភាគីនិយមរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ឌីម៉េទ្រី ម៉េដវេដេវ បានធ្វើឡើងក្នុងជំនួបតាមប្រព័ន្ធវីដេអូនៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ។

យោងតាមការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងជំនួប​ប្រមាណ​ជា២០នាទីនោះ សម្តេចតេជោ ហ៊ុន សែន និងលោក ឌីម៉េទ្រី ម៉េដវេដេវ បានប្រកាស​គាំទ្រ​គ្នា​ទៅវិញទៅមក លើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខណ្ឌ​វេទិកា​ទ្វេ​ភាគី វេទិកាពហុភាគី និងវេទិកា​តំបន់ ដែលជាកិច្ចពិភាក្សាស៊ីជម្រៅ នៅក្នុងការរួបរួមគ្នាដោយ​ធ្វើយ៉ាង​ណា ការពារផលប្រយោជន៍​នៃតំបន់​រៀងៗខ្លួន ជាពិសេសការពង្រឹងពហុភាគីនិយម​ឱ្យបាន​ត្រឹមត្រូវនៅ​ក្នុង​តំបន់ និងនៅក្នុងពិភពលោក។

មេដឹកនាំទាំងពីរ បានមើលឃើញថា កិច្ចសហប្រតិបត្តិការពហុ​ភាគី​និយម នឹងបង្កើតបរិយាកាស​យោគ​យល់​​គ្នា នឹងជួយគ្នាទៅវិញទៅមក ទៅតាមភាពចាំបាច់ ស្របតាមច្បាប់ ដែលបានគោរពក្នុងអង្គការសហ​ប្រជា​ជាតិ។

ការប្រកាសនេះ បានធ្វើឡើងចំពេលដែលគេមើលឃើញថា ពិភពលោកកំពុងរងប្រេះឆារវាងសម្ព័ន្ធមិត្ត​នៃប្រទេសដែលប្រកាន់ប្រព័ន្ធដឹកនាំសេរី ប្រជាធិបតេយ្យ និងប្រទេសប្រកាន់ប្រព័ន្ធដឹកនាំសង្គមនិយម ឬកុម្មុយនិស្ត។ ការប្រេះឆានេះ ធ្វើឱ្យប្រទេសកាន់របបដឹកនាំទាំងពីរនេះ ដាក់ចេញវិធានការនានា ដើម្បីប្រឆាំងគ្នា៕