(ភ្នំពេញ)៖ ក្នុងឋានៈជាប្រធានបក្សនយោបាយកំពុងដឹកនាំប្រទេស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ឌីម៉េទ្រី ម៉េដវេដេវ ប្រធានគណបក្សរុស្ស៉ីរួបរួម បានព្រមព្រៀងគ្នាធ្វើការរួមគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាឆ្លើយតបនឹងបញ្ហាសកល។
នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន និងលោក ឌីម៉េទ្រី ម៉េដវេដេវ បានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ រយៈពេលប្រមាណជា២០នាទី។ យោងតាមលទ្ធផលផ្សព្វផ្សាយលើបណ្តាញសង្គមរបស់សម្តេចតេជោ បានឱ្យដឹងថា ក្នុងកិច្ចសន្ទនានោះ មេដឹកនាំគណបក្សទាំងពីរ បានវាយតម្លៃខ្ពស់នៃជំនួបទ្វេភាគីក្នុងបរិយាកាសសប្បាយរីករាយ និងបានសួរសុខទុក្ខគ្នាទៅវិញទៅមក សម្រាប់ឆ្នាំថ្មី។
ថ្នាក់ដឹកនាំទាំងពីរ បានលើកអំពីគុណសម្បត្តិ នៃកិច្ចសហប្រតិបត្តិការរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សរុស្ស៉ីរួបរួម ដែលឆ្នាំនេះគឺជាគម្រប់ខួប២៥ឆ្នាំ។ គណបក្សទាំងពីរនឹងពិចារណា ក្នុងការផ្លាស់ប្ដូរសារអបអរសាទរទៅវិញទៅមក និងការបង្កើតព្រឹត្តិការណ៍ចាំបាច់នានា ដើម្បីផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការដែលធ្លាប់មានអស់រយៈពេល ២៥ឆ្នាំកន្លងមក។ ថ្នាក់ដឹកនាំទាំងពីរ បានកោតសរសើរអំពីកិច្ចសហប្រតិបត្តិការទៅវិញទៅមក ដោយភាពជឿជាក់ ការគោរពគ្នា ការយោគយល់គ្នា និងគាំទ្រគ្នាទៅវិញទៅមកតាមពេលវេលា និងកាលៈទេសៈចាំបាច់ ព្រមទាំងបង្កើនបរិយាកាស នៃការផ្លាស់ប្ដូរទស្សនកិច្ច ទៅតាមពេលវេលាសមស្របទាំងទៅរុស្ស៉ី និងមកកម្ពុជា។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានគាំទ្រគ្នាទៅវិញទៅមក លើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខណ្ឌវេទិកាទ្វេភាគី វេទិកាពហុភាគី និងវេទិកាតំបន់ ដែលជាកិច្ចពិភាក្សាស៊ីជម្រៅ នៅក្នុងការរួបរួមគ្នាដោយធ្វើយ៉ាងណា ការពារផលប្រយោជន៍នៃតំបន់រៀងៗខ្លួន ជាពិសេសពង្រឹងពហុភាគីនិយមឱ្យបានត្រឹមត្រូវនៅក្នុងតំបន់ និងនៅក្នុងពិភពលោក។ កិច្ចសហប្រតិបត្តិការពហុភាគីនិយម នឹងបង្កើតបរិយាកាសយោគយល់គ្នា នឹងជួយគ្នាទៅវិញទៅមក ទៅតាមភាពចាំបាច់ ស្របតាមច្បាប់ ដែលបានគោរពក្នុងអង្គការសហប្រជាជាតិ។
មេដឹកនាំនៃគណបក្សទាំងពីរ បានមើលឃើញអំពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីប្រយុទ្ធប្រឆាំងនឹងបដិវត្តន៍ពណ៌ ដែលនេះគឺជាចំណុចមួយត្រូវរួមគ្នាគិត។ មេដឹកនាំទាំងពីរយល់ឃើញថា ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង គឺជាចំណុចមួយនៃការគំរាមកំហែងដល់សន្តិសុខជាតិរៀងៗខ្លួន ដូច្នេះប្រទេសទាំងពីរត្រូវរួបរួមគ្នា ធ្វើយ៉ាងណា កុំឱ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗ ហើយជួយមើលគ្នា និងចែករំលែកបទពិសោធន៍តាមភាពចាំបាច់។
មេដឹកនាំគណបក្សទាំងពីរ យល់ឃើញថា ការសហការគ្នារវាងមេដឹកនាំវ័យក្មេងជំនាន់ក្រោយ ជាពិសេសរុស្ស៉ី ក៏បានគាំទ្រចំពោះការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហើយបានអបអរសាទរនៅពេលដែលគណបក្សប្រជាជនកម្ពុជា សម្រេចជ្រើសរើសសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលនេះជាការត្រៀមរៀបចំអ្នកបន្តវេនដ៏សមស្របមួយ។
លោក ម៉េដវេដេវ បានកោតសរសើរចំពោះការសម្រេចចិត្តដ៏ឈ្លាសវៃរបស់សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានជ្រើសរើសអ្នកបន្តវេនជាយុវជន ក្នុងការបន្តកិច្ចសហប្រតិបត្តិការគ្នាយូរអង្វែងតទៅទៀត។
មេដឹកនាំគណបក្សទាំងពីរ ក៏បានយល់គ្នាថា កិច្ចសហប្រតិបត្តិការសំខាន់ គឺការកសាងច្បាប់ និងកិច្ចសហប្រតិបត្តិការល្អទាំងអស់គ្នា ដោយរដ្ឋសភា និងព្រឹទ្ធសភា នៃប្រទេសយើងទាំងពីរ តែងតែមានកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយគណបក្សដែលមានតំណាងក្នុងរដ្ឋសភា និងព្រឹទ្ធសភា ក៏នឹងជំរុញកិច្ចសហប្រតិបត្តិការនេះ ជាពិសេសនៅពេលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភានៅថ្ងៃខាងមុខ។ សមាជិកព្រឹទ្ធសភារុស្ស៉ី និងបន្តកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់ក្នុងមិត្តភាពជិតស្និទ្ធ ដើម្បីបន្តនូវវប្បធម៌ និងការគោរពគ្នាទៅវិញទៅមកគ្រប់ជំនាន់។
ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ ក៏បានផ្ដល់ការគាំទ្រទៅលើកិច្ចសហប្រតិបត្តិការ និងកិច្ចពិភាក្សាផ្សេងៗពាក់ព័ន្ធវេទិកាធំៗ ដែលជាគំនិតផ្ដួចផ្ដើមរបស់រុស្ស៉ី ក៏ដូចជាមិត្តផ្សេងៗទៀត នៅក្នុងសហគមន៍ BRICS សហគមន៍អឺរ៉ាស៊ី ក៏ដូចនៅក្នុងសហគមន៍រុស្ស៉ី-មេគង្គ ក៏ជាចំណុចដែលភាគីទាំងពីរមានការពេញចិត្ត ក្នុងការផ្លាស់ប្ដូរនៃកិច្ចសហប្រតិបត្តិការជាក់ស្ដែង ហើយរាជរដ្ឋាភិបាលនៃប្រទេសនីមួយៗ នឹងធ្វើការសហការគ្នា ដើម្បីពិនិត្យមើលលទ្ធភាព នៃកិច្ចសហប្រតិបត្តិការជាក់ស្ដែង ។
ក្នុងជំនួបនោះ មេដឹកនាំគណបក្សទាំងពីរ បានឯកភាពនិងពិនិត្យមើលលើការងារណា ដែលអាចសហប្រតិបត្តិការលើកិច្ចព្រមព្រៀងចាស់ និងបង្កើតកិច្ចព្រមព្រៀងថ្មីទៅតាមលទ្ធភាព និងកិច្ចព្រមព្រៀងផ្សេងទៀត អាចត្រួតពិនិត្យពិចារណាឡើងវិញតាមជាក់ស្ដែង៕