(កំពង់ស្ពឺ)៖ ជម្លោះរឿងស្នេហា សង្ស័យខាងស្រីមានអ្នកថ្មី បានធ្វើឲ្យខាងប្រុសខឹង ក៏ទៅចាក់សម្លាប់ដល់តូបកាត់ដេរ ក្នុងផ្សារឧដុង្គ ខេត្តកំពង់ស្ពឺ បង្កការភ្ញាក់ផ្អើលពេញផ្សារតែម្តង នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦នេះ។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងជាបឋមថា ហេតុការណ៍នេះ ខាងប្រុសក៏រងរបួសធ្ងន់ផងដែរ។
លោក ខឹម សាម៉ន អធិការស្រុកឧដុង្គ បាននិយាយយ៉ាងខ្លីដោយសម្លេងខ្លាំងៗថា «ខ្ញុំជាប់រវល់!» រួចហើយក៏បិតទូរស័ព្ទទៅ។ ដោយឡែកលោក សោម បូរ៉ា ស្នងការរង បានបញ្ជាក់ដោយសំដីទន់ភ្លន់ថា នៅពេលនេះលោកក៏មិនទាន់ដឹងពីព័ត៌មានលម្អិតនោះទេ ដោយកំពុងធ្វើដំណើរជិតដល់ហើយ។
ដោយឡែកមន្រ្តីអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណែម ចន្ធូ អាយុ២៤ឆ្នាំ មុខរបរកាត់ដេរ រស់នៅឃុំវាំងចាស់ រីឯជនបង្កមានឈ្មោះ សឹុម ម៉ូត អាយុ៣២ឆ្នាំ រស់នៅភូមិតានាល ឃុំព្រះស្រែ។
បើតាមមន្រ្តីអាវុធហត្ថ មូលហេតុដែលនាំឲ្យមានការចាក់សម្លាប់នេះ កើតឡើងដោយសារតែជនបង្ក លួចស្រឡាញ់ជនរងគ្រោះ តែជនរងគ្រោះមិនស្រឡាញ់ ហើយថែមទាំងមានសង្សារទៀតផង។
ដោយសារបែបនេះទើបជនបង្ក ទៅចាក់សម្លាប់ជនរងគ្រោះតែម្តង រហូតដល់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ហើយរួចមកក៏ចាក់ខ្លួនឯងតែម្តង បណ្តាលឲ្យរបួសធ្ងន់៕