(រតនគិរី)៖ លោក ម៉ា វិចិត្រ អភិបាលខេត្តស្ដីទីខេត្តរតនគិរី បានជំរុញឲ្យក្រុមហ៊ុនវៀតណាមមួយ ដែលរកស៊ីដាក់ទុនរកស៊ីនៅក្នុងខេត្ត អនុវត្តតួនាទីភារកិច្ច ស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ សម្តៅធ្វើឲ្យប្រសើរឡើងនៅការអនុវត្តក្នុងក្រុមហ៊ុន និងត្រូវពង្រឹងសហប្រតិបត្តិការនិងសម្របសម្រួលដោះស្រាយរាល់បញ្ហា ដែលកើតមានឡើងក្នុងក្រុមហ៊ុនដោយសន្តិវិធី។

ការជំរុញបែបនេះរបស់លោក ម៉ា វិចិត្រ បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រុមហ៊ុនក្រុងប៊ុក នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅភូមិសាស្រ្តស្រុកតាវែង។

លោក ម៉ា វិចិត្រ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការតាំងចិត្តការចូលរួម និងកិច្ចខិតខំប្រឹងប្រែង កិច្ចសហការគ្នាបានយ៉ាងល្អក្នុងចំណោមថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន អាជ្ញាធរថ្នាក់ខេត្ត ថ្នាក់មូលដ្ឋាន និងកម្មករនយោជិកទាំងអស់ក្នុងក្រុមហ៊ុន ដែលបានយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយផ្អែកតាមផែនការសកម្មភាពការងារប្រចាំឆ្នាំ២០២៣ របស់ក្រុមហ៊ុនស្របតាមគោលការណ៍ច្បាប់ គោលនយោបាយ និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល។

លោកអភិបាលខេត្តស្តីទី បន្តថា ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ របស់ក្រុមហ៊ុន ក្រុងប៊ុកខេត្តរតនគិរីអភិវឌ្ឍន៍កៅស៊ូ បានឆ្លុះបញ្ចាំងឲ្យឃើញអំពីសមិទ្ធផលការងារជាច្រើន ដែលក្រុមហ៊ុនខិតខំ និងសម្រេចបានក្នុងអំឡុងពេល០១ឆ្នាំ ព្រមទាំងបានបង្ហាញអំពីការអភិវឌ្ឍ នៅក្នុងក្រុមហ៊ុន ដែលបានរួចចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ទន្ទឹមនឹងការខិតខំប្រឹងប្រែងសម្រេចបានសមិទ្ធផលទាំងនេះ ក្រុមហ៊ុនក៏បានឆ្លុះបញ្ចាំង របាយការណ៍នូវបញ្ហាប្រឈមនានាជាច្រើនដែលត្រូវបន្តខិតខំរួមគ្នាដោះស្រាយ ដើម្បីឆ្លើយតបឲ្យបានកាន់តែប្រសើរឡើង នូវផលិតកម្មអាជីវកម្មរបស់ក្រុមហ៊ុន ដែលកើនឡើងជារៀងរាល់ថ្ងៃ។

នៅក្នុងឱកាសនោះទៀត លោកបានជំរុញឲ្យក្រុមហ៊ុនក្នុងឆ្នាំ២០២៤នេះ ត្រូវបន្តលើកកម្ពស់ការកិច្ចសហការ សម្របសម្រួលជាមួយមន្ទីរអង្គភាពជុំវិញខេត្ត ក្នុងនាមតំណាងឱ្យក្រសួងស្ថាប័ន នៃរាជរដ្ឋាភិបាលក្នុងការអនុវត្ត តួនាទីភារកិច្ច ស្របតាមគោលការណ៍ច្បាប់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ សម្តៅធ្វើឱ្យប្រសើរឡើងនូវការអនុវត្តក្នុងក្រុមហ៊ុន, ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការនិងសម្របសម្រួលដោះស្រាយរាល់បញ្ហាដែលកើតឡើងក្នុងក្រុមហ៊ុន ដោយសន្តិវិធី, ត្រូវពង្រឹងការងាររៀបចំសោភ័ណ្ឌភាពសណ្តាប់ធ្នាប់ឱ្យមានអនាម័យ ការរស់នៅរបស់បុគ្គលិក កម្មករនយោជិក, ត្រូវចូលរួមសហការអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ -សង្កាត់មានសុវត្ថិភាព នៅក្នុងក្រុមហ៊ុន, ត្រូវចូលរួមលើកកម្ពស់ការងារទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទក្នុងភូមិសាស្ត្រ ក្រុមហ៊ុន ដូចជា ល្បែងស៊ីសងគ្រប់ប្រភេទ ជួញដូរមនុស្ស គ្រឿងញៀន ករណីក្មេងទំនើង សម្តៅធានាបាននូវសន្តិសុខ សុវត្ថិភាពក្នុងក្រុមហ៊ុន ក៏ដូចជាក្នុងមូលដ្ឋាន៕