(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Dale G. Renlund ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ Church of Jesus Christ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមអ្នកនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្ដ្រី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះលោក Dale G. Renland ថ្នាក់ដឹកនាំជាន់ខ្ពស់ Church of Jesus Christ និងសហការី និងសម្ដែងនូវសេចក្ដីសោមនស្សរីករាយដែល Church of Jesus Christ បានចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមនៃកម្ពុជា។

លោក Elder Dale G.Renlund បានថ្លែងអំណរគុណចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងបានគោរពជម្រាបជូនសម្តេចធិបតី ដោយសង្ខេបនូវសកម្មភាពការងាររបស់ Church of Jesus Christ ដែលផ្តោតជាសំខាន់លើកិច្ចការមនុស្សធម៌ ការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលលើការអភិវឌ្ឍវិស័យសាសនា អប់រំ សុខាភិបាល និងអនាម័យទឹកស្អាតតាមមូលដ្ឋានជាដើម។

ក្នុងឱកាសនៃជំនួបនេះដែរ លោក Elder Dale G. Renlund ក៏បានគោរពជម្រាបជូន សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពីគម្រោង កសាងមន្ទីរពេទ្យព្យាបាលជំងឺបេះដូងមួយកន្លែង នៅក្នុងខេត្តសៀមរាប សំដៅជួយដល់ការព្យាបាល និងលើកកម្ពស់ សុខមាលភាពប្រជាជនកម្ពុជា ព្រមទាំងបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ Church of Jesus Christ ក្នុងការបន្តចូល រួមចំណែកលើកកម្ពស់និងគាំទ្រវិស័យសុខាភិបាល និងការបណ្តុះបណ្តាលកសាងសមត្ថភាព របស់ប្រជាពលរដ្ឋតាមសហគមន៍នៅមូលដ្ឋាន ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការថែរក្សានូវសុខសន្តិភាព ស្ថិរភាព ក៏ដូចជាសុខដុមនីយកម្មនៅក្នុងសង្គមជាតិផងដែរ។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្តែងនូវក្តីរីករាយចំពោះលទ្ធផលដែលសម្រេចបានរបស់ Church of Jesus Christ ក្នុងការគាំទ្រលើគម្រោងជាច្រើន ដែលបានផ្ដល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ និងគម្រោងថ្មីៗរបស់ Church of Jesus Christ ដែលបានរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា លើការធានាឱ្យមានសេរីភាពខាងជំនឿសាសនា និងការធានានូវសុខដុមនីយកម្មខាងសាសនានៅក្នុងសង្គមកម្ពុជា ដោយសារកម្ពុជា ជាប្រទេសដែលធ្លាប់បានឆ្លងកាត់នូវប្រវត្តិសាស្ត្រដ៏ជូរចត់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលនៅពេលនោះរបបប្រល័យពូជសាសន៍ខ្មែរក្រហម បានលុបបំបាត់ចោលទាំងស្រុង រាល់ជំនឿសាសនារបស់ប្រជាពលរដ្ឋ តាមរយៈបទពិសោធន៍ដ៏ជូរចត់នេះ រាជរដ្ឋាភិបាលកម្ពុជានីតិកាលមុនៗ ក៏ដូចជារាជរដ្ឋាភិបាលនីតិកាលទី៧នេះ បានផ្តោតការយកចិត្តទុកដាក់លើការរក្សានូវសុខដុមនីយកម្មផ្នែកសាសនា ដែលជាមូលដ្ឋានដ៏សំខាន់មួយ សម្រាប់ការទទួលបាននូវសុខសន្តិភាព និងស្ថិរភាពពេញលេញនៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់អំពីការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងភាពធន់ និងកំណើនសេដ្ឋកិច្ចដោយចីរភាព សំដៅឈានទៅសម្រេចបាន នូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ និងបានរំលេចអំពីកម្មវិធីគោលនយោបាយអាទិភាពមួយក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ គឺការលើកកម្ពស់នូវវិស័យសុខាភិបាល តាមរយៈការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាព និងការលើកកម្ពស់គុណភាពមណ្ឌលសុខភាពតាមមូលដ្ឋាន ដើម្បីផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ៕