(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីបារាំង ដែលតែងជួយឧបត្ថម្ភគាំទ្រកម្ពុជាក្នុងគ្រប់ដំណាក់កាល ព្រមទាំងបានសម្តែង នូវការពេញចិត្តចំពោះការប្តេជ្ញា ក្នុងការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា និងបារាំងជាដៃគូរយុទ្ធសាស្រ្ត ជាពិសេសលើវិស័យការពារជាតិថែមទៀតផង។
ការថ្លែងអំណរគុណបែបនេះរបស់លោកឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាតំណាងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញនាយទាហាន បច្ចេកទេសថែទាំគ្រាប់រំសេវ និងគ្រឿងផ្ទុះ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
ឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ បានថ្លែងថា កម្ពុជាពិតជាមានការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនបារាំងដែលបានជួយឧបត្ថម្ភគាំទ្រកម្ពុជា ក្នុងគ្រប់ដំណាក់កាលទាំងអស់រួមមានដំណាក់កាល នៃការស្វែងរកសន្តិភាពនាទសវត្សរ៍ឆ្នាំ៩០ និងបន្តរហូតមកដល់បច្ចុប្បន្ន ក្នុងវិស័យពាណិជ្ជកម្ម, អប់រំ និងហ្វឹកហ្វឺន, ការបោសសម្អាតមីន និងការប្រយុទ្ធក្នុងជំងឺកូវីដ១៩ ជាដើម។
ឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ បានបន្តថា ក្នុងចន្លោះឆ្នាំ១៩៩២-១៩៩៣ បារាំងបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពបេសកកម្ម UNTAC ក្នុងនោះក៏បានពលីនូវយុទ្ធជនរបស់ខ្លួនចំនួន៤រូបផងដែរ។ ឧត្តមសេនីយ៍ទោ បានលើកឡើងថាថ្មីៗនេះ ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក អេម៉ានុអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ក្នុងសន្និសិទព័ត៌មានរួមគ្នាមួយ លោកបានលើកឡើងអំពី កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាដោយ បានគូសបញ្ជាក់ថា កងកម្លាំងរក្សាសន្តិភាពកម្ពុជា ជាវិភាគទានដ៏ធំនៅអាស៊ី ក៏ដូចជាការរួមចំណែកជាប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាផងដែរ។
ឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ បានបន្ថែមថា បារាំង-កម្ពុជា សុទ្ធតែបានបង្ហាញនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅលើ វិស័យការពារជាតិមានជាអាទិ៍ ក្នុងក្របខ័ណ្ឌនៃការហ្វឹកហ្វឺនបោសសម្អាតមីន សម្រាប់ទាហានកម្ពុជា ព្រមទាំងការបំប៉នភាសាបារាំងដល់កងរក្សាសន្តិភាពមួកខៀវក្រោមឆត្ររបស់អង្គការសហប្រជាជាតិ។ បារាំងក៏បានគាំទ្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CPFC នៅឆ្នាំ២០២៦ ថែមទៀតផង។
សូមជម្រាបជូនថា ចាប់ពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព មានចំនួន ៩,២៨១នាក់ (នារី ៧៦៣នាក់) ទៅកាន់បេសកកម្មចំនួន១២ ក្នុង១០ប្រទេសមានដូចជា៖ ស៊ូដង់, ស៊ូដង់ខាងត្បូង, លីបង់, ឆាដ, សាយប្រឺស, សុីរី, ម៉ាលី, យ៉េមេន, អាហ្វ្រិកកណ្តាល និងកុងហ្គោ លេីជំនាញបោសសំអាតមីន, កងរាជអាវុធហត្ថ, មន្ទីរពេទ្យកម្រិត២, កម្ចេចគ្រាប់មិនទាន់ផ្ទុះ, វិស្វកម្មព្រលានយន្តហោះ, វិស្វកម្មសំណង់ផ្ដេក និងបញ្ឈរ, នាយទាហានសេនាធិការ និងសង្កេតការជាដើម។ បច្ចុប្បន្នកម្លាំងកម្ពុជាសរុបចំនួន ៦៤០នាក់ (នារី ១១៥នាក់) កំពុងបំពេញបេសកកម្មនៅ ៥ប្រទេមាន៖ ស៊ូដង់ខាងត្បូង, ម៉ាលី, លីបង់, អាហ្វ្រិកកណ្តាល និងសាធារណរដ្ឋកុងហ្គោ៕