(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ពីចំណុចអាទិភាពចំនួន២ របស់កម្ពុជាសម្រាប់គោលដៅអនាគត។

គោលដៅពីរចំណុចនោះ រួមមាន ទី១៖ កម្ពុជាបន្តរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងទី២៖ កម្ពុជាផ្ដោតការយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយធ្វើយ៉ាងណា ដើម្បីឱ្យមានការអភិវឌ្ឍដោយចីរភាព និងសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាជន។

ការគូសបញ្ជាក់បែបនេះ របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបជាមួយ លោកស្រីបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ (UN – ESCAP) ដែលបានស្នើសុំសម្ដេច បង្ហាញអំពីចក្ខុវិស័យជាអាទិភាពមួយចំនួន លើបញ្ហាតំបន់ និងអន្តរជាតិ ទាក់ទងជាមួយនឹងកិច្ចសហប្រតិបត្តិការរបស់ESCAP ទៅថ្ងៃអនាគត។

តាមរយៈជំនួប នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ នៅវិមាន ៧មករា លោកស្រីបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យលោកស្រីបានចូលជួបសម្ដែងការគួរសម។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វិបត្តិកូវីដ១៩ បានធ្វើឱ្យប្រទេសកម្ពុជាជួបការលំបាក ក៏ដូចជាតំបន់មានការលំបាក ប៉ុន្តែក្រោយកូវីដ១៩ កម្ពុជាបានស្ដារប្រទេសឡើងវិញជាបណ្ដើរៗ ស្របពេលជាមួយនេះ ផលលំបាកក្នុងតំបន់កើតចេញអំពីការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងសង្គ្រាមនៅតាមតំបន់មួយចំនួន ហើយនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ មានផលប៉ះពាល់យ៉ាងខ្លាំងអំពីការប្រកួតប្រជែងនៃភូមិសាស្ត្រនយោបាយ ជាពិសេសគឺបញ្ហាស្មុគស្មាញដែលកើតឡើងពីការរត់ប្រណាំងគ្នា ខាងផ្នែកសព្វាវុធ បញ្ហាសមុត្រចិនខាងត្បូង បញ្ហាតៃវ៉ាន់ និងបញ្ហាឧបទ្វីបកូរ៉េជាដើម។

លោកស្រីបានបញ្ជាក់ថា នេះជាលើកទី៣ហើយ ចាប់តាំងពីឆ្នាំ២០១៩ ដែលលោកស្រីបានអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជា។ លោកស្រីបានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះ សម្ដេចតេជោ លើកិច្ចសហប្រតិបត្តិការរបស់កម្ពុជាជាមួយ ESCAP ហើយក៏បានវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការជាតិ ESCAP ដែលដឹកនាំដោយលោកទេសរដ្ឋមន្ត្រី លី ធុច ដោយបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយនឹង ESCAP របស់អង្គការសហប្រជាជាតិគ្នាពេលកន្លងមក។

នាឱកាសនោះដែរ លោកស្រីបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើកគ្រប់វិស័យ ជាពិសេសលើផ្នែកសេដ្ឋកិច្ចសង្គមចាប់ពីឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យសេដ្ឋកិច្ចសង្គមរបស់កម្ពុជា មានការរីកចម្រើនលើកគ្រប់វិស័យ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការ រវាងអេស្កែបជាមួយនិងកម្ពុជា នៅក្នុងតំបន់ ជាមួយនឹងពិភពលោក កាន់តែមានការរីកចម្រើនបន្តថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានរបស់លោកស្រីអគ្គលេខាធិការរង អង្គការសហប្រជាជាតិ នៅកម្ពុជាបន្ទាប់ពីសម្ដេចបានជួបលើកជំទាវកាលពីឆ្នាំ២០១៩ កន្លងទៅ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា ដំណើរបេសកកម្មរបស់លោកស្រីនៅពេលនេះនឹងពិនិត្យឃើញអំពីការវិឌ្ឍន៍ និងការរីកចម្រើនសេដ្ឋកិច្ចសង្គមនៅកម្ពុជា។

លោកស្រីអគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន ចំពោះទស្សនទានល្អៗ អំពីការប្រឈមនៃភូមិសាស្ត្រនយោបាយ ដែលប៉ះពាល់ដល់តំបន់ ហើយក៏បានអរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបានទៅគាំទ្រ ESCAP នាពេលកន្លងមក, លោកស្រីបណ្ឌិត ក៏បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក៏ដូចជានៅក្នុងតំបន់នៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចសង្គមបន្តទៅទៀត៕