(ភ្នំពេញ)​៖​ នគរបាលការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជូនអ្នកបើករថយន្ត Ford Ranger ទៅតុលាការ ក្រោយបើកបុករះ នៅក្រោមស្ពានអាកាសឬស្សីកែវ ដែលបណ្តាលឲ្យស្លាប់៤នាក់់ និងរងរបួសមួយចំនួន។

សូមបញ្ជាក់ថា មនុស្សប្រុសស្រីបួននាក់បានបាត់បង់អាយុជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ នឹងបួននាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្ដសង្គ្រោះ ដឹកយកទៅសង្គ្រោះភា្លមៗនៅឯមន្ទីពេទ្យ ក្នុងករណីបុរសម្នាក់បើករថយន្ដ Ford Ranger បុករះម៉ូតូនឹងរថយន្ដជាច្រើនគ្រឿង នៅក្រោមស្ពានអាកាសឬស្សីកែវ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦៖៤០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ចំណុចក្រោមស្ពានអាកាសឬស្សីកែវ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើតាមប្រភពនៅកន្លែងកើតហេតុ បានប្រាប់ភ្នាក់ងារ​ Fresh News ថា នៅមុនកើតហេតុគេឃើញចរាចរណ៍ដ៏មមាញឹក នៅចំណុចស្ដុបក្រោមស្ពានអាកាសឬស្សីកែវ ដោយមានអ្នកដំណើរដោយរថយន្ដ និងម៉ូតូជាច្រើនគ្រឿង ឈប់ចាំស្ដុប ស្រាប់តែមានបុរសម្នាក់បើករថយន្ដ Ford Ranger មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-5854 ធ្វើដំណើរចុះពីស្ពានឬស្សីកែវ ក្នុងទិសដៅពីកើតមកលិច ដោយល្បឿនលឿន មកបុករះក្បាលនាគពុះ ចែកទ្រូងស្ពាន ម៉ូតូ៤គ្រឿង និងរថយន្ដចំនួន២គ្រឿង បណ្ដាលឲ្យរងការខូចខាត គាបជាប់ក្រោមរថយន្ដ រ៉ាយប៉ាយពេញផ្លូវ។

រីឯអ្នកជិះលើម៉ូតូបានបាត់បង់អាយុជីវិត៤នាក់ (ស្រី៣នាក់) និងរងរបួសធ្ងន់ស្រាលមួយចំនួនទៀត ត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីពេទ្យកាល់ម៉ែត​។ ភ្លាមៗអ្នកបើកបរថយន្ដបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្ដឬស្សីកែវ ដើម្បីសួរនាំ។

ភាគីបង្កបើករថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-5954 បើកបរដោយឈ្មោះ នាង សំអូន អាយុ៥៦ឆ្នាំ មុខរបរមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (មន្រ្តីគយ) មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (កំរិតជាតិអាកុល ០.៥៤)។

ចំណែកជនរងគ្រោះរួមមាន៖

*ម៉ូតូម៉ាក Honda Click ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 1AP-7471 បើកបរដោយឈ្មោះ (មិនស្គាល់អត្តសញ្ញាណ ស្រី២នាក់) រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ

*ម៉ូតូម៉ាក Honda Beat ពណ៌ស-ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1KG-7548 បើកបរដោយឈ្មោះ ហ៊ន ឧស្សាហ៍ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរជាស្រ្តីពីរនាក់ សំរាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត

*ម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1J-3821 បើកបរដោយឈ្មោះ ង៉ែត ស្រីម៉ៅ ភេទស្រី អាយុ២២ឆ្នាំ មុខរបរនិស្សិត មានទីលំនៅខេត្តពោធិ៍សាត់ (ស្លាប់នៅកន្លែងកើតហេតុ)។

*ម៉ូតូម៉ាក Honda Scoopy ពណ៌ស ពាក់ផ្លាកលេខ បើកបរដោយ ឈ្មោះ តុល បញ្ញា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកលក់គ្រឿងសំណង់ និងឈ្មោះ ពេជ សុផាឡែន ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស ភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ស្លាប់ទាំង២ នៅកន្លែងកើតហេតុ)។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការវាស់វែងយកម៉ូតូរក្សាទុក​ រីឯសពត្រូវបានសមត្ថកិច្ច​ទាក់ទងទៅគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕