(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្ញើសារអបអរសាទរ និងជូនពរលោក មាស សុភា ក្នុងឱកាសលោកត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា សព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំង ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។

ក្នុងងសារលិខិតជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានលើកឡើងដូច្នេះថា៖ «ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា និងក្នុងនាមខ្ញុំផ្ទាល់ សូមចូលរួមសម្តែងនូវការអបអរសាទរដ៏កក់ក្តៅបំផុតជូនឯកឧត្តម ក្នុងឱកាសដែលត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី តាមព្រះ រាជក្រឹត្យលេខ នស/រកត/០១២៤/០៨៤ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤»

សម្តេច សាយ ឈុំ បានបន្ដថា «ឯកឧត្តម បានចូលរួមចំណែកកសាងនិងការពារប្រទេសជាតិ តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណា ចក្រកម្ពុជា ឆ្នាំ១៩៩៣ សម្រាប់ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ ទទួលបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ ការអភិវឌ្ឍលើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ ការពារជាតិ មានសន្តិសុខសង្គមល្អប្រសើរ ព្រមទាំង រក្សាបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី»

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ សម្តេច សាយ ឈុំ សូមបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធ ទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន លោក និងលោកស្រី ព្រមទាំងបុត្រា បុត្រី សូមមានអាយុយឺនយូរ សុខុមាលភាព ល្អបរិបូរណ៍ និងសូមសម្រេច បានជោគជ័យត្រចះត្រចង់ ក្នុងដំណើរការដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់សុខសន្តិភាព ស្ថិរភាព សម្បូណ៌សប្បាយ រុងរឿង និងអភិវឌ្ឍន៍លើគ្រប់វិស័យជានិច្ចនិរន្តរ៍តរៀងទៅ៕