(សៀមរាប)៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តសៀមរាប នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារនៃការអនុវត្ត ផែនការសកម្មភាពឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោកស្រី ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ លោកស្រី យូ សោភា អភិបាលរងខេត្ត និងជាអនុប្រធាន(គ.ក.ស.ក)នៃរដ្ឋបាលខេត្ត តំណាងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប

សិក្ខាសាលានេះដែរ ក៏មានការចូលរួមពីលោក លោកស្រី ជាគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ(គ.ក.ស.ក) រដ្ឋបាលក្រុង ស្រុក និងគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ឃុំសង្កាត់ និងអង្គការដៃគូជាច្រើនចូលរួមផងដែរ។  

លោកស្រី ស៊ិន ណម បានបញ្ជាក់ថា រៀបចំឡើងក្នុងគោលបំណង ធ្វើការឆ្លុះបញ្ចាំង ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត ផែនការសកម្មភាព និងផែនការថវិកាឆ្នាំ ២០២៣ របស់ (គ.កស.ក) នៃរដ្ឋបាលខេត្ត និងជាការផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធនានា ពិសេស(គ.ក.ស.ក) នៃរដ្ឋបាលក្រុង ស្រុក និងគ.ក.ន.ក ឃុំ សង្កាត់ និងដើមី្បពិភាក្សាអំពីបទពិសោធន៍ការងារ ព្រមទាំងបញ្ហាប្រឈមនានា ដែលបានជួបប្រទះក្នុងពេលអនុវត្តការងារ សម្រាប់ជាបទពិសោធន៍ ក្នុងការគ្រប់គ្រង និងអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤បន្ត។ 

លោកស្រី យូ សុភា បានចាត់ទុក (គ.ក.ស.ក) គឺជាគណៈកម្មាធិការដ៏មានសារៈសំខាន់ និងមានតួនាទីភារកិច្ចចូលរួមសម្របសម្រួល ពិគ្រោះយោបល់ តាមដាន ពិនិត្យ និងសហការដោះស្រាយនូវការងារទាំងឡាយ ដែលពាក់ព័ន្ធនឹងស្ថានភាពយេនឌ័រ ស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ សំដៅលើកកម្ពស់ការអភិវឌ្ឍន៍ស្ថានភាព ស្ត្រី និងកុមារ ក្នុងខេត្តសៀមរាប។ 

លោកស្រី យូ សុភា បានលើកឡើងថា រដ្ឋបាលខេត្តតែងយកចិត្តទុកដាក់ខ្ពស់លើការងារស្ត្រី និងកុមារ ដោយបានធ្វើការវិភាជន៍ថវិការដ្ឋបាលខេត្ត ក្នុងឆ្នាំ២០២៣ ជូន គ.ក.ស.ក ខេត្ត ដើម្បីយកទៅអនុវត្តសកម្មភាពនានាស្របតាមផែនការ ការងាររបស់ខ្លួនឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ហើយសម្រាប់ក្នុងឆ្នាំ២០២៤នេះ រដ្ឋបាលខេត្ត នឹងបន្តធ្វើការគាំទ្រដោយបានវិភាជន៍ថវិកាជូន(គ.ក.ស.ក)ខេត្ត សម្រាប់អនុវត្តការងាររយៈពេល១ឆ្នាំផងដែរ។

លោកស្រីបន្តថា សិក្ខាសាលានេះនឹងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព និងការបោះជំហាន ទៅមុខប្រកបដោយភាពម៉ឺងមាត់ និងម្ចាស់ការក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ «គ.ក.ស.ក» នៃរដ្ឋបាលខេត្ត ដើម្បីសម្របសម្រួល និងផ្តល់យោបល់ដល់ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ចាប់តាំងពីអាណត្តិទី១ រហូតដល់បច្ចុប្បន្ន ហើយសកម្មភាពទាំងនេះ ក៏បានរួមចំណែកក្នុងអនុវត្តគោលនយោបាយកំណែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជាមានជាអាទិ៍  កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់រដ្ឋបាលសាធារណៈសម្រាប់ធានាជោគជ័យនៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលបានអនុវត្តកន្លងមក រហូតទទួលបានជោគជ័យ។

លោកស្រីបន្តទៀតថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញដោយផ្តោតលើបាវចនាប្រាំ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវចូលរួមអនុវត្តន៍ឱ្យសម្រេចបានលទ្ធផលល្អប្រសើរ។

សិក្ខាសាលាឆ្លុះបញ្ចាំងនេះ នឹងផ្តល់ឱកាសឱ្យអ្នកចូលរួមទាំងអស់ មានទំនាក់ទំនង និងសហការគ្នាជាធ្លុងមួយ ក្នុងការលើកកម្ពស់ និង​ជំរុញការបង្ក្រាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ដើម្បីឲ្យស្របតាមផែនការយុទ្ធសាស្ត្រ នារីរតនៈរបស់ក្រសួងកិច្ចការនារី៕