(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំស្តីពីការកែសម្រួលទំហំប្រាក់ឧបត្ថម្ភកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ១៩។

កិច្ចបប្រជុំនេះបានធ្វើឡើងក្រោមវត្តមានលោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្តព្រះសីហនុ និងមានការចូលរួមពី លោក លោកស្រី អភិបាលរង ក្រុង/ស្រុកទាំង៥លោកមេឃុំ ចៅសង្កាត់ និងមន្ត្រីទទួលបន្ទុកកម្មវិធីឃុំ សង្កាត់ នៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះសីហនុ។

កិច្ចប្រជុំផ្សព្វផ្សាយនេះ មានគោលបំណង ផ្សព្វផ្សាយពីទំហំឧបត្ថម្ភថ្មី និងការបើកផ្តល់របស់កម្មវិធី ដល់តួអង្គប្រតិបត្តិករតាមក្រុង/ស្រុក និងឃុំសង្កាត់ ដើម្បីបន្តផ្សព្វផ្សាយទៅដល់ មេភូមិអនុភូមិ និងសមាជិកភូមិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនសម្រាប់បន្តផ្សព្វផ្សាយតាមខ្នងផ្ទះគ្រួសារកំពុងទទួលផលឱ្យយល់ច្បាស់ពីទំហំប្រាក់ឧបត្ថម្ភថ្មីនេះ ជៀសវាងមានការយល់ច្រឡំណាមួយ។

ក្នុងកិច្ចប្រជុំនេះលោក យូសុះ សូឡៃម៉ានបានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្ត លោកស្នើសុំដល់រដ្ឋបាលក្រុង/ស្រុក ផ្តល់ការគាំទដល់រដ្ឋបាលឃុំសង្កាត់ ដែលជាអ្នកផ្សព្វផ្សាយបន្តដល់មេភូមិ អនុភូមិ និងសមាជិកភូមិ តម្រូវឱ្យផ្សព្វផ្សាយតាមឃុំ សង្កាត់ ដោយកំណត់យកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ទូទាំងខេត្ត ដើម្បីឱ្យមេភូមិ អនុភូមិ និងសមាជិកភូមិ ជួយធ្វើការផ្សព្វផ្សាយតាមខ្នងផ្ទះអ្នកទទួលផលឱ្យបានរួចរាល់មុនថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដែលជាថ្ងៃចាប់អនុវត្តទំហំប្រាក់ឧបត្ថម្ភថ្មីនេះ។

នាឱកាសនោះដែរ លោកអភិបាលរងខេត្តក៏បានណែនាំដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយរដ្ឋបាលក្រុងស្រុក តាមដានការផ្សព្វផ្សាយនៅតាមឃុំសង្កាត់ និងការជូនដំណឹងដល់គ្រួសារទទួលផល និងរាយការណ៍ពីវឌ្ឍនភាព។

លោកបានបន្តថា ដោយមានការយកចិត្តទុកដាក់ពី មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មន្ទីរផែនការខេត្ត រដ្ឋបាលក្រុង ស្រុក ពិសេស រដ្ឋបាលឃុំ សង្កាត់ ដែលជាប្រតិបត្តិករផ្ទាល់នៅថ្នាក់មូលដ្ឋាន ដែលកន្លងមកពិតជាបានអនុវត្តនូវក្របខណ្ឌការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ទាំងការផ្តល់សេវាសាធារណៈ និងទាំងការអនុវត្តកម្មវិធីជំនួយសង្គមនានា របស់រាជរដ្ឋាភិបាលដែលបាននឹងកំពុងអនុវត្តក្នុងក្របខណ្ឌទូទាំងខេត្ត ឱ្យទទួលបានលទ្ធផលគួរជាទីមោទនៈ។

រាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីខែមករា រហូតដល់ខែមីនា ឆ្នាំ២០២៤ តាមទំហំប្រាក់ឧបត្ថម្ភថ្មី ដែលប្រាក់ឧបត្ថម្ភក្នុងទំហំថ្មីនេះ គឺត្រូវបានបែងចែកទៅតាមប្រភេទបណ្ណសមធម៌ និងកម្រិតនៃភាពក្រីក្រដដែល ប៉ុន្តែ បានបញ្ឈប់ការឧបត្ថម្ភលើចំនួនសមាជិកគ្រួសារ ដោយរក្សាទុកនូវអត្រាឧបត្ថម្ភសម្រាប់លក្ខខណ្ឌផ្សេងទៀតឱ្យនៅដដែល៕