(ភ្នំពេញ)៖ ក្រុមអ្នកនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្ដ្រី នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ បានចេញផ្សាយនូវលទ្ធផលជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោកស្រីបណ្ឌិត អាមីដា សាល់ស អាលីហ្សាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិនៃអង្គការ UN-ESCAP នាព្រឹកមិញនេះ នៅវិមានសន្ដិភាព។

ជាកិច្ចចាប់ផ្តើម សម្ដេចធិបតី បានស្វាគមន៍ចំពោះ លោកស្រីបណ្ឌិត Armida និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាថ្មីទៀតនៅកម្ពុជា និងបានសម្តែងសេចក្តីសោមនស្ស រីករាយ និងថ្លែងអំណរគុណចំពោះអង្គការ UN-ESCAP ដែលបានចូលរួមចំណែក ក្នុងការចូលរួមអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ទៅលើវិស័យជាច្រើននៅកម្ពុជានាពេលកន្លងមក និងបានអរគុណចំពោះការ ប្តេជ្ញាចិត្តក្នុងការបន្តនូវកិច្ចសហប្រតិបត្តិការរបស់អង្គការ UN-ESCAP ជាមួយប្រទេសកម្ពុជាផងដែរ។

លោកស្រីបណ្ឌិត Armida បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឲ្យរូបលោកស្រី និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកស្រីក៏បានថ្លែង អំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបានសហការយ៉ាងល្អជាមួយនឹងអង្គការ UN-ESCAP នាពេល កន្លងមក។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីបណ្ឌិត ក៏បានគោរពជម្រាបជូន សម្ដេចធិបតី ដោយសង្ខេបនូវ វិស័យអាទិភាព ចំនួន៤ដែលនៅក្នុងក្របខ័ណ្ឌនៃការបន្តកិច្ចសហប្រតិបត្តិការ ដែលរួមមាន៖ ទី១៖ ការផ្ដល់កិច្ចគាំពារ ដល់ប្រជាជនដោយឈរលើគោលការណ៍ «មិនទុកនរណាម្នាក់ចោល» និងកិច្ចការពារបរិស្ថានដោយផ្តោតជាអាទិភាព លើការប្រែប្រួលអាកាសធាតុ, ទី២៖ ការសម្របសម្រួលនៅក្នុងការជំរុញការវិនិយោគ និងពាណិជ្ជកម្ម «ដោយជំរុញការតភ្ជាប់ នៃវិស័យពាណិជ្ជកម្មនៃបណ្តាប្រទេសសមាជិកនៃអង្គការ UNESCAP», ទី៣៖ ការកសាង និងពង្រឹងសមត្ថភាព ឌីជីថលសម្រាប់ប្រជាពលរដ្ឋ និងទី៤៖ ការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីរួមចំណែកសម្រេចនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs)។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់អង្គការ UN-ESCAP ចំពោះការចូលរួមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទៅលើវិស័យជាច្រើននៅកម្ពុជានាពេលកន្លងមក។ សម្ដេចធិបតី បានកោតសរសើរ និងអរគុណចំពោះការប្ដេជ្ញាចិត្ត នៃការបន្តកិច្ចសហប្រតិបត្តិការរបស់អង្គការ UN-ESCAP ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងជំនួបនេះ សម្ដេចធិបតី ក៏បានជម្រាបជូនលោកស្រីបណ្ឌិត ថាអ្វីដែលលោកស្រីបានលើកឡើងខាងលើ មានភាពប្រទាក់ក្រឡា និងភាពសមស្របទៅនឹងក្របខ័ណ្ឌគោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេស ការដាក់ចេញនូវយុទ្ធ សាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្ដល់អាទិភាពលើការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ តាមរយៈការកសាងភាពធន់ និងកំណើនចីរភាព សំដៅឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដើម្បីប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់។

ជាកិច្ចបញ្ចប់ សម្តេចធិបតី និងលោកស្រីបណ្ឌិត Armida បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ឲ្យកាន់តែរីកចម្រើន បន្ថែមទៀត។ សម្ដេចធិបតី បានអរគុណ និងវាយតម្លៃខ្ពស់ ចំពោះការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់លោកស្រីបណ្ឌិត Armida ក្នុងការពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការជាមួយកម្ពុជា និងបានជូនពរ លោកស្រីបណ្ឌិត ឲ្យប្រកបដោយជោគជ័យ នៅក្នុងការបំពេញ បេសកកម្មការការងារនៅកម្ពុជា និងសូមឲ្យការធ្វើដំណើរមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព៕