(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យ លោក ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមអ្នកនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្ដ្រី បានឲ្យដឹងថា ជាកិច្ចចាប់ផ្តើម សម្ដេចធិបតី បានសម្តែងការស្វាគមន៍ និងសេចក្តីសោមន្សរីករាយ ដែលបានជួបជាមួយ និងឯកអគ្គរដ្ឋទូត និងសហការី ដែលជំនួបនេះ គឺជាឱកាសដើម្បីពិភាក្សាអំពីការពង្រឹងបន្ថែមនូវទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-អូស្ត្រាលី ដែលមានជាយូរអង្វែងមកហើយ។
ក្នុងឱកាសនៃជំនួប លោកចាស្ទីន ខេវិន វ៉ាយអេត បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឲ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងបានចូលរួមអបអរសាទរចំពោះភាពជោគជ័យ នៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី នៅរដ្ឋធានីប៉ារីស នៃសាធារណរដ្ឋបារាំង និងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស នៃសហព័ន្ធស្វីស។
លោកឯកអគ្គរដ្ឋទូត ក៏បានជម្រាបអំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី ឲ្យកាន់តែរីកចម្រើនខ្លាំងក្លាលើគ្រប់វិស័យបន្ថែមទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល អប់រំ កសិកម្ម បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងការកសាងសមត្ថភាពក្នុងវិស័យការពារជាតិ។ បន្ថែមពីលើនេះ លោកឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ពីការប្តេជ្ញា ក្នុងការជំរុញនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មន ប្រទេសទាំងពីរ តាមរយៈការជួយជំរុញឲ្យវិនិយោគគិនអូស្ត្រាលី មកវិនិយោគបន្ថែមទៀតនៅកម្ពុជា។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះវត្តមានរបស់លោក ចាស្ទីន ខេវិន វ៉ាយអេត និងសហការី ព្រមទាំងបានសម្តែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងការផ្ដល់ជំនួយរបស់អូស្ត្រាលីក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីដំណើរការនៃការស្វែងរកសុខសន្តិភាពរហូតដល់ពេលបច្ចុប្បន្ននេះ។
ទន្ទឹមនឹងនេះ សម្ដេចធិបតី ក៏បានបញ្ជាក់ជូនលោកឯកអគ្គរដ្ឋទូត អំពីគោលនយោបាយយុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសភាពទាក់ទាញ នៃច្បាប់ស្ដីពីវិនិយោគន ព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាព អាចព្យាករណ៍បាន និងភាពប្រាកដនិយម ចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះនៅកម្ពុជា។
មុននឹងបញ្ចប់ សម្តេចធិបតី និងឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធទៅ នឹងបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍រួម រវាងកម្ពុជា-អូស្ត្រាលី ដែលទាំងកម្ពុជា និង អូស្ត្រាលី អាចនឹងបង្កើន និងពង្រឹងនូវតួនាទីរបស់ខ្លួននៅក្នុងវេទិកាតំបន់ និងសកលផងដែរ៕