(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ (បសប.ហភ) អញ្ជើញដឹក នាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារ បសប.ហភ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ តាមរយៈកិច្ចប្រជុំផ្ទាល់ និងប្រព័ន្ធអនឡាញ (កម្មវិធី Zoom)។

កិច្ចប្រជុំនេះមានការចូលរួមពីប្រធាននាយកដ្ឋាន-មន្ទីរ-អង្គភាពជំនាញ ជាសមាជិកក្រុមការងារ បសប.ហភ និងអនុក្រុមការងារ បសប.ហភ តាមបណ្តាស្នងការដ្ឋាននគរបាលទូទាំងប្រទេស ព្រមទាំងលោក-លោកស្រី អនុប្រធាន និងសមាជិកក្រុមប្រតិបត្ដិការផ្ទាល់មកពីនាយកដ្ឋាន និងការិយាល័យជំនាញ រួមមាន៖ មន្ទីរប្រឆាំងគ្រឿងញៀន នាយកដ្ឋានកណ្តាលសន្តិសុខ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នាយកដ្ឋានសន្តិសុខផ្ទៃក្នុង នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងការិយាល័យនគរបាលអន្តជាតិ។

គួរបញ្ជាក់ថា ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានចូលរួមចំណែកបំពេញការងារ ដោយការទទួលខុសត្រូវ រហូតកម្ពុជាត្រូវបានដកចេញពី បញ្ជីប្រផេះ របស់ក្រុមការងារហិរញ្ញវត្ថុ (FATF) កាលពីខែកុម្ភៈ ឆ្នាំ២០២៣៕